28/04/22 14:30 PM
ក្រចេះ៖ ព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ដោយមានការអញ្ជើញ ចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង ៣ និងលោក លោកស្រី អភិបាលរងក្រុង-ស្រុក ព្រមទាំងលោក-លោកស្រី តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ជំរុញដល់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលការពារផ្ទាល់នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ត្រូវគោរពឱ្យបានម៉ឺងម៉ាត់ តាមគោលការណ៍ច្បាប់ស្តីពីការបោះឆ្នោតបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។ ចំពោះការធ្វើសកម្មភាពអន្តរាគមន៍ផ្សេងៗ ចាំបាច់ត្រូវមានសំណូមពរ ឬការសម្របសម្រួលពីប្រធានគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់ថ្នាក់ ឬប្រធានការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ជាមួយនោះ កិច្ចការពារត្រូវយកចិត្តទុកដាក់នូវសុវត្ថិភាពដាច់ខាត សម្រាប់សកម្មភាពដឹកជញ្ជូនសន្លឹកឆ្នោតទៅកាន់ការិយាល័យបោះឆ្នោត និងការដឹកជញ្ជូនសន្លឹកឆ្នោតដែលបានបោះរួច ព្រមទាំងកំណត់ហេតុរាប់សន្លឹកឆ្នោតទៅតាមទីកន្លែងដែលបានកំណត់ ។
មានប្រសាសន៍បន្ថែមក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន បានបញ្ជាក់បន្ថែមអំពីគោលការណ៍ និងវិធានការមួយចំនួនថែមទៀតរួមមាន ៖ -គណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត គឺជាក្បាលម៉ាស៊ីនដឹកនាំដ៏សំខាន់នៅថ្នាក់ក្រោមជាតិ ដោយត្រូវលើកកម្ពស់តួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការដឹកនាំសម្របសម្រួលកម្លាំង ក្រោមយន្តការ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតខេត្ត ដើម្បីធានាឱ្យមានកម្លាំងគ្រប់គ្រាន់សម្រាប់ផ្តល់សេវាសន្តិសុខ សុវត្ថិភាពគ្រប់ដំណាក់កាលនៃការបោះឆ្នោត - កម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវមានអព្យាក្រឹតភាព និងគោរពឱ្យបានត្រឹមត្រូវនូវច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ភ្នាក់ងារសន្តិសុខបោះឆ្នោត ប្រកបដោយតម្លាភាព និងគ្មានការរើសអើង - ត្រូវចាត់វិធានការបង្ការ និងទប់ស្កាត់សម្រាប់គ្រប់មធ្យោបាយ និងគ្រប់រូបភាពស្របតាមច្បាប់ ព្រមទាំងធ្វើការបង្ក្រាបឱ្យបានទាន់ពេលវេលា ចំពោះបទល្មើសដែលកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម -គណៈបញ្ជាការឯកភាពរដ្ឋបាលថ្នាក់គ្រប់ថ្នាក់ ត្រូវសហការនិងសម្របសម្រួលជាប់ជាប្រចាំជាមួយនឹងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់ថ្នាក់ អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងការបោះឆ្នោត ក្នុងគោលដៅជួបពិភាក្សា និងស្វែងរកដំណោះស្រាយសមស្រប រួមទាំងការចាត់វិធានការបង្ការ ទប់ស្កាត់ និងកាត់បន្ថយរាល់បញ្ហាទំនាស់ឬបាតុភាពនានាក្នុងគ្រប់ដំណាក់កាលនៃការរៀបចំការបោះឆ្នោត - ដំណាក់កាលនៃការឃោសនាបោះឆ្នោត ទោះបីច្បាប់ថ្មីបានកាត់បន្ថយ រយៈពេលក៏ពិតមែន ក៏ប៉ុន្តែនៅតែជាដំណាក់កាលតស៊ូខាងនយោបាយយ៉ាងតានតឹង និងក្ដៅគគុករបស់គ្រប់គណបក្សនយោបាយទាំងអស់ ហើយជាដំណាក់កាលងាយនឹងកើតឡើងនូវទំនាស់ ឬបទល្មើសផ្សេងៗ សំដៅរាំងស្ទះ ឬបន្ទុចបង្អាក់ការ - អាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវមានវិធីធ្វើប្រតិកម្មរហ័សនៅនឹងកន្លែងដែលកើតមានហេតុការណ៍ ឬឧបទ្ទវហេតុផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យការប្រកួតប្រជែងបានដំណើរការទៅដោយតម្លាភាពត្រឹមត្រូវ យុត្តិធម៌ និងចៀសវាងការឆ្លៀតយកព្រឹត្តិការណ៍ទាំងនោះទៅបំពុលបរិយាកាសសង្គម ឬកេងចំណេញខាងនយោបាយពីសំណាក់មជ្ឈដ្ឋានអគតិមួយចំនួន-គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងកងកម្លាំងការពារសន្តិសុខទាំងអស់ ត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ទទួលខុសត្រូវចំពោះភារកិច្ចការពារដោយត្រូវសហការឱ្យបានល្អជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ពិសេសប្រធានការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដើម្បីម្ចាស់ការ គ្រប់គ្រងឱ្យបាននូវសភាពការណ៍តាមការិយាល័យបោះឆ្នោតនីមួយៗ ៕