28/04/22 14:35 PM
ព្រៃវែង៖ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ រួមទាំងមន្ត្រីរាជការកងកម្លាំង អភិបាល ក្រុង ស្រុក ទាំងអស់នៃខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងសមិទ្ធិផលនានាក្នុងវត្តឧត្តមសាគរ(ហៅវត្តព្រែកក្របៅ) ស្ថិតនៅក្នុងភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានសម្ដែងការកោតសរសើរចំពោះការរួមកម្លាំងសាមគ្គីគ្នាកសាងបាននូវសមិទ្ធផលនានាក្នុងវត្តឧត្តមសាគរ(ហៅវត្តព្រែកក្របៅ) ជាគុណប្រយោជន៍នៃវិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ។ ឯកឧត្តមបាន មានប្រសាសន៍ថា វត្តអារាម និងព្រះសង្ឃ ពិតជាមានសារៈសំខាន់ក្នុងការអប់រំណែនាំឱ្យពុទ្ធបរិស័ទកសាងអំពើល្អ អំពើជាកុសល ជៀសឆ្ងាយអំពីអំពើអបាយមុខទាំងពួងដែលខ្លួនបានប្រព្រឹត។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ការប្រឹងប្រែងស្ថាបនាជាតិរបស់រាជរដ្ឋាភិបាល ដូចជាការស្ថាបនា វត្តអារាម មន្ទីរពេទ្យ សាលារៀន ស្ពាន ផ្លូវ ការអភិវឌ្ឍទឹកស្អាត និងអគ្គិសនីជាដើម ដើម្បីសម្រួលដល់តម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋប្រចាំថ្ងៃ។ ឯកឧត្តម បន្ថែមថា«មកដល់ពេលនេះយើងពិតជាមានមោទកភាព យើងបានធ្វើឱ្យប្រទេសជាតិយើងកាន់តែមានសុខសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍ ហើយយើងសង្ឃឹមថាបន្តធ្វើឱ្យមានការអភិវឌ្ឍកាន់តែរីកចំរើនថែមទៀត»។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា បើតាមរបាយការ វត្តឧត្ដមសាគរ (ហៅវត្តព្រែកក្របៅ)នេះ បានកសាងវត្តនេះឡើង នៅខែឧសភា ឆ្នាំ១៩៩៧ លើផ្ទៃដីទំហំ ៣៥,០០០ម៉ែត្រការ៉េ បណ្ដោយ ២៨០ម៉ែត្រ និង ទទឹង ១២៥ម៉ែត្រ ហើយចំពោះសមិទ្ធិផលនានាដាក់ឆ្លងនាថ្ងៃនេះមាន -ព្រះសក្យមុនីចេតិយ សាងសង់លើផ្ទៃដីមានទំហំ ៦២៥ ម៉ែត្រក្រឡា មានកំពស់១៧ ម៉ែត្រ ព្រមទាំងបានដាក់ តម្កល់ព្រះពុទ្ធរូប តូច-ធំ សាងពីថ្មកែវចំនួន ៤១ អង្គ ដែលបានចំណាយជាថវិកាចំនួន ១៣២,៨០០ដុល្លា។
និងកុដិថ្មចំនួន ២ បានចំណាយការសាងសង់ចំនួន ៩១,៩០០ដុល្លា។ រួមទាំង រូប ព្រះពុទ្ធអង្គបរិនិព្វាន ប្រវែង ១៧.៤ម៉ែត្រ កំពស់ ៣.៥ម៉ែត្រ ចំណាយការសាងសង់ ៥២,៥០០ដុល្លា ព្រម ទាំងសមិទ្ធផលផ្សេងៗទៀតក្នុងវត្ត។
ឯកឧត្តម ក៏បានបំពាក់គ្រឿងឥស្សរយស ដល់អាចារ្យគណៈកម្មការ ពុទ្ធបរិស័ទ ព្រះសង្ឃ ដែលមានស្នាដៃ និងចំណាយធនធានច្រើននៅក្នុងការកសាងនៅក្នុងវត្តឧត្តមសាគរ(ហៅវត្តក្របៅ)នេះ ឯកឧត្តមក៏បានប្រគេនបច្ច័យ សម្រាប់វត្តចំនួន ២០ លានរៀលផង៕