រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart និងសហការី ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មឡើងវិញ


ត្រលប់ក្រោយ

11/05/22 13:49 PM

ចំនួនទស្សនា៖

183

ប្រភព៖

បរទេស

សហរដ្ឋអាម៉េរិក៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart និងសហការី កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដើម្បីពិភាក្សា និងស្វែងយល់បន្ថែមអំពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅពេលខាងមុខ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្មដែលទទួលបាននៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នេះ។ 


ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដូចជា ការចរចាបង្កើតទីផ្សារថ្មីៗបន្ថែមទៀតតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបន្ថែម ព្រមទាំងការបន្តធ្វើទំនើបកម្មសេវាសាធារណៈ ការកាត់បន្ថយនីតិវិធីនិងកិច្ចសម្រួលពាណិជ្ជកម្មនានា ដែលបានជួយសម្រួលយ៉ាងច្រើនដល់ការធ្វើធុរកិច្ចនិងពាណិជ្ជកម្មនៅកម្ពុជាកាន់តែប្រសើរឡើង។


ចំណែកឯលោកស្រី Anbinh Phan បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់កម្ពុជា ក៏ដូចជាអបអរសាទរចំពោះការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ព្រមទាំងជម្រាបជូនអំពីចំណាប់អារម្មណ៍ក្នុងការនាំចូលផលិតផលរបស់កម្ពុជាបន្ថែមទៀត ដូចជា គ្រឿងសង្ហារឹម ផ្លែឈើ ម្ហូបអាហារ និងគ្រឿងអេឡិចត្រូនិក ជាដើម។ លោកស្រី ក៏បានជម្រាបផងដែរ អំពីបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ការពង្រឹងភាពជាដៃគូក្នុងសកម្មភាពធុរកិច្ចនិងវិនិយោគ ដែលនឹងចូលរួមចំណែកក្នុងការបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជា ជាពិសេសស្រ្តី ការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។


គូសបញ្ជាក់ថា ឯកឧត្តម ប៉ាន់ សូរស័ក្តិ ក៏បានស្នើឱ្យក្រុមហ៊ុន Walmart ពិនិត្យលទ្ធភាពក្នុងការពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា និងវិនិយោគលើវិស័យដែលមានសក្តានុពលនានាបន្ថែមទៀតនៅកម្ពុជាផងដែរ និងបង្ហាញពីការត្រៀមខ្លួនរបស់ក្រសួងពាណិជ្ជកម្មក្នុងការសហការ និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ពិសេសជាងនេះទៅទៀតនោះធ្វើយ៉ាងណាឱ្យវិស័យពាណិជ្ជកម្មនៅកម្ពុជាមានការរីកចម្រើនលក់ឡើងវិញបន្ថែមទៀតបន្ទាប់ពីធ្លាក់ចុះដោយសារតែការរាលដាលនៃជំងឺ covid-19 និងដើម្បីជាប្រយោជន៍ និងការរីកចម្រើនបន្ថែមទៀតរបស់ក្រុមហ៊ុន Walmart៕ អត្ថបទ: ប្រសិទ្ធ



dd
Bottom Ad