សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់


ត្រលប់ក្រោយ

12/05/22 09:47 AM

ចំនួនទស្សនា៖

257

ប្រភព៖

បរទេស

US៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសកម្ពុជា) ដែលត្រូវនឹងល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទឹកដីសហរដ្ឋអាមេរិក និងកាណាដា សរុបប្រមាណជាង២ពាន់នាក់។  



សម្ដេចតេជោនាយករដ្ឋមន្ត្រី ពិតជារីករាយដែលបានអញ្ជើញមកជួបបងប្អូនពលរដ្ឋខ្មែរនៅក្រៅប្រទេស និងអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានធ្វើដំណើរពីរដ្ឋផ្សេងៗទាំងក្នុងទឹកដីរអាមេរិក និងកាណាដា មកជួបសម្ដេចនាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា និងវ៉ាស៊ីនតោន មានចម្ងាយជាង១ម៉ឺនគីឡូ តែសម្តេចនៅតែអាចជួបជាមួយខ្មែរនៅអាមេរិកបាន។ សម្ដេចបញ្ជាក់ថា វាមិនស្ថិតនៅលើចម្ងាយទេ អាស្រ័យលើការចង់ជួប ឬអត់?។



នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បាននាំយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉ែ សាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដាជិត២ពាន់នាក់ ដែលបានអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចនាពេលនេះ ។ សម្តេចតេជោ បានថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា បានចំណាយពេលវេលា និងលុយ ដើម្បីជួបសំណេះសំណាលជាមួយសម្តេច។



ទាក់ទងទៅនឹងស្ថានភាពជំងឺ Covid-19 នៅកម្ពុជា សម្តេចតេជោ បានមានប្រសាសន៍ ថា កម្ពុជាទទួលបានលទ្ធផលល្អប្រសើរណាស់ក្នុងការគ្រប់គ្រង Covid-19 ហើយក្នុងរយៈពេល៥ថ្ងៃជាប់ៗគ្នានេះយើងមិនមានអ្នកឆ្លងCovid-19 ថ្មីនោះទេ សូម្បីតែម្នាក់។ សម្តេចតេជោបានមានប្រសាសន៍ថា នយោបាយវ៉ាក់សាំងនៅកម្ពុជា ទទួលបានជោគជ័យ ដោយសារវ៉ាក់សាំង មិនមានបែងចែកនិន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍ និងសាសនានោះឡើយ។ ភាពសាំជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពរឺងមាំខ្លាំង ដោយសារការអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ឱ្យចប់តាមតំបន់នីមួយៗឱ្យរួចរាល់ ទើបបន្តទៅតំបន់ផ្សេង។



សម្តេចតេជោបានថ្លែងថា ពេលនេះវ៉ាក់សាំងនៅក្នុងឃ្លាំងមានរហូតដល់ប្រមាណ ១២លានដូសឯណោះ យើងមិនមានការព្រួយបារម្ភរឿងខ្វះវ៉ាក់សាំងនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសារសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ធ្វើឱ្យកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី ៥.៦% មកនៅត្រឹម ៥.២% សម្រាប់ឆ្នាំ២០២២។ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២ ការប្រមូលពន្ធដារសម្រេចបានប្រមាណ ៥៣% គិតជាសាច់ប្រាក់ជាង ២ពាន់លានដុល្លារ។



ទាក់ទងទៅនឹងស្ថានភាពនយោបាយ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការសូមទោសរបស់អតីតសកម្មជនសង្គ្រោះជាតិនៅអាមេរិក លោក ប្រេដឌី យ៉ាំង ជាការផ្តល់ភាពស្អាតស្អំជូនភរិយា និងកូនសម្តេច។ សម្តេចតេជោ បានថ្លែងថា បើត្រឹមភាពស្អាតស្អំរបស់ប្រពន្ធ និងកូន មិនអាចការពារបានផង តើសម្តេចមានតម្លៃក្នុងការដឹកនាំជាតិទេ?។ ទាក់ទងទៅនឹងទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក សម្តេចតេជោបានថ្លែងថា ទីតាំងស្ថានទូតអាមេរិក គឺជាទីតាំងល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ។ បើមិនមែនអាមេរិក សម្តេចមិនផ្តល់ឱ្យទីតាំងនៅទីនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនជ្រើសរើសចិន ប្រឆាំងអាមេរិក ឬជ្រើសអាមេរិក ប្រឆាំងចិននោះឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក មានទំហំធំបំផុត ក្នុងនោះការនាំចេញមកអាមេរិក មានរហូតដល់ជាង ៩ពាន់លានដុល្លារអាមេរិក ហើយបច្ចុប្បន្នមានក្រុមហ៊ុនអាមេរិកជាច្រើនកំពុងតែវិនិយោគនៅក្នុងប្រទេសកម្ពុជា និងកំពុងធ្វើការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។  



មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ដែលរស់នៅក្រៅប្រទេស ជាពិសេសនៅសហរដ្ឋអាមេរិក និងកាណាដា ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនជៀសផុតពីជំងឺផ្សេងៗ និងទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ច៕




dd
Bottom Ad