ឯកឧត្ដម ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ ហ្វៃសាល់ ពិន ហ្វាតហាន អាល់ សាអ៊ូដ រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអ៊ូឌីត


ត្រលប់ក្រោយ

12/05/22 10:08 AM

ចំនួនទស្សនា៖

221

ប្រភព៖

បរទេស

(អារ៉ាប៊ីសាអ៊ូឌីត)៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាបេសកកម្មពិសេស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រតិបត្តការឥស្លាម (OIC) បានជួបពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ ហ្វៃសាល់ ពិន ហ្វាតហាន អាល់ សាអ៊ូដ ( H.H Prince Faisal Bin Farhan Al-Saud ) រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអ៊ូឌីត ដែលជំនួបនេះធ្វើឡើងនៅទីស្ដីការក្រសួងការបរទេស ទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ 



ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានរំឭកពីដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់នៅកម្ពុជា ដែលបានចូលជួបសំដែងការគួសមជាមួយសម្ដេចតេជានាយករដ្ឋមន្ត្រី និងបានជួបពិភាក្សាទ្វេភាគី នឹង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស។ ក្នុងនេះដែរ ព្រះអង្គម្ចាស់ក៏បានចូលរួមសំដែងនូវការសោកស្ដាយ ជាមួយសម្ដចតេជោ និងក្រុមគ្រួសារ ដែលបានបាត់បង់ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ជាបងរបស់សម្ដេចផងដែរ។



ជំនួបនេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ដែលកន្លងមក បានសម្របសម្រួលដល់ពលរដ្ឋឥស្លាមកម្ពុជា ទទួលបាននូវអាហារូបករណ៍ ការសាងសង់វិហារ សាលារៀន ការមកបំពេញកាតព្វកិច្ចបុណ្យហាជ្ជី។ ជាមួយគ្នានោះ ឯកឧត្តមក៏បានស្នើសុំដល់ភាគីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឲ្យជួយសម្រួលបន្ថែមទៀតក្នុងការបង្កើនចំនួនអ្នកធ្វើហាជ្ជីសម្រាប់កម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋឥស្លាមកម្ពុជាមានឱកាសទៅធ្វើបុណ្យហាជ្ជីបានច្រើនក្នុងការបំពេញកាតព្វកិច្ចដ៏សំខាន់នេះ។

ឯកឧត្តមបណ្ឌិតក៏បានសម្តែងនូវការថ្លែងអំណរគុណចំពោះការគាំទ្រដល់កម្ពុជាជានិច្ច ក្នុងការស្នើសុំចូលជាសមាជិកសង្កេតការណ៍នៃអង្គការសហប្រតិបត្តការឥស្លាម (OIC) ដែលជាអង្គការធំទី២ បន្ទាប់ពីអង្គការសហប្រជាជាតិ (UN) ។



ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពី សន្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ដូចជាវិស័យ ពាណិជ្ជកម្មទេសចរណ៍ កសិកម្ម អប់រំ មនុស្សធម៌ និង វិស័យផ្សេងៗទៀត។ ជាមួយគ្នានោះ លោកក៏បានស្នើឲ្យភាគីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជួយសហការ និងផ្សព្វផ្សាយដល់ប្រជាជន សហគ្រិន អ្នកវិនិយោគ នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឲ្យមកវិនិយោគ លើវិស័យនានា រួមទាំង វិស័យហាឡាល និងទស្សនានៅកម្ពុជា ដោយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយប្រទេស អារ៉ាប៊ីសាអ៊ូឌីត។



ជាកិច្ចឆ្លើយតប ព្រះអង្គម្ចាស់ ហ្វៃសល់ ពិន ហ្វាតហាន បានមានព្រះបន្ទូលថា ព្រះអង្គទទួលសិក្សាលើសំណើខាងលើ ដោយព្រះអង្គបញ្ជាក់យ៉ាងច្បាស់ថា ចំពោះកិច្ចការធ្វើបុណ្យហាជ្ជី ដោយបញ្ហា កូវីដ-១៩ ជាហេតុដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានកំណត់ចំនួនជាក់លាក់ ដើម្បីទប់ទល់ស្ថានការណ៍កូវីដក្នុងប្រទេស និង រក្សាសុវត្ថិភាពដល់អ្នកទៅប្រតិបត្តិបុណ្យហាជ្ជី ។ ព្រះអង្គបានមានព្រះបន្ទូលបន្ថែមថា នឹងខិតខំសម្រួលជាមួយក្រសួងពាក់ព័ន្ធដើម្បីសម្រួលឲ្យកាន់តែទូលំទូលាយដល់កម្ពុជាសម្រាប់ឆ្នាំក្រោយៗទៀត។



ព្រះអង្គសង្ឍឹមខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋភិបាលកម្ពុជា ដែលមានសម្ដេចតេជោជានាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យមាននូវសុខសន្តិភាព និង ការអភិវឌ្ឍ ហើយបានធ្វើឲ្យសាសនាទាំងអស់នៅកម្ពុជា ទទួលបានសុខដុមនីយកម្ម គ្មានជម្លោះសាសនា គ្មានការរើសអើង និងជាពិសេស សហគមន៍ឥស្លាម ក៏ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់នូវគោលនយោបាយជូនជាច្រើន ដែលបានធ្វើឲ្យមានការរីកចម្រើន ទាំងវិស័យអប់រំ និងសេដ្ឋកិច្ចសង្គម។



ចំពោះការវិនិយោគនៅកម្ពុជាវិញ ព្រះអង្គបានលើកឡើងថា នឹងសិក្សាបន្ថែមទៀតដើម្បីជំរុញអ្នកវិនិយោគទុននៃប្រទេសខ្លួន មកវិនិយោគនៅកម្ពុជា។ ព្រះអង្គបានមានព្រះបន្ទូលបន្ថែមថា កម្ពុជាមានប្រភពវត្ថុធាតុដើមច្រើន មិនមែនតែលើវិស័យកសិកម្មប៉ុណ្ណោះទេ មានទាំងវិស័យរ៉ែ ថាមពលផងដែរ៕




dd
Bottom Ad