12/05/22 14:02 PM
សហរដ្ឋអាម៉េរិក៖ នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសំដែងការរីករាយដែលបានជួបនាយករដ្ឋមន្ត្រីវៀតណាម សារជាថ្មីម្តងទៀត និងបានថ្លែងអំណរគុណដែលកន្លងមកឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានទូរស័ព្ទចូលរួមចែករំលែកទុក្ខចំពោះសម្តេចដែលបានបាត់បង់បងប្រុសបង្កើតទី២របស់សម្តេចគឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងបានបញ្ជូនអនុរដ្ឋមន្ត្រីនាំលិខិតមកដោយផ្ទាល់ផងដែរ។
សម្តេចតេជោក៏អរគុណចំពោះថ្នាក់ដឹកនាំវៀតណាមផ្សេងទៀតដែលបានចូលរួមរម្លែកទុក្ខ ហើយឯឧត្តមនាយករដ្ឋមន្ត្រីវៀតណាមក៏បានអរគុណផងដែរដែលបានជួបជាមួយសម្ដេចតេជោសារជាថ្មីម្តងទៀតនៅថ្ងៃនេះ និងបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រធានសភាវៀតណាមក៏ដូចជាលេខាបក្សវៀតណាម ជាពិសេសការចួលរួមរម្លែកទុក្ខចំពោះមរណភាពបងប្រុសទី២របស់សម្ដេច។
នៅក្នុងជំនួបនេះ ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម ក៏បានអរគុណដល់តួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាពិសេស ពាក់ព័ន្ធបញ្ហាតំបន់ និង អន្តរជាតិ ជាពិសេស ការសម្របសម្រួល ឱ្យមានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នាពេលនេះ។ មួយវិញទៀត ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម ក៏បានអរគុណដល់តួនាទីសម្តេច ដែលបានរួមចំណែកជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ហើយក៏បានកោតសរសើរនិងស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅមីយ៉ាន់ម៉ាកន្លងទៅនេះ ។ ជាមួយនឹងការសាទរចំពោះសមិទ្ធផលរបស់កម្ពុជា ជាពិសេស ការគ្រប់គ្រងកូវីដ១៩ បានល្អ ឯកឧ្តតម នាយករដ្ឋមន្ត្រីវៀតណាម បានមានប្រសាសន៍ថា ការគ្រប់គ្រងកូវីដ១៩បានល្អ គឺល្អសម្រាប់ការជម្រុញសេដ្ឋកិច្ចឱ្យមានការលូតលាស់ឡើងវិញ ។
ជាការឆ្លយតប សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដែលបានសរសើរពីតួនាទីរបស់កម្ពុជា ជាពិសេស ក្នុងការសម្របសម្រួលកិច្ចប្រជុំកំពូលកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ហើយបានរំលេចពីតួនាទីរបស់ឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលរវាងអាស៊ាន និងសហរដ្ឋអាមេរិកផងដែរ ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការសង្ឃឹមថា យើងពិតជាមានឱកាសក្នុងការពិនិត្យមើលពីបញ្ហាមួយចំនួននៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងអាស៊ាន និងសហរដ្ឋអាមេរិក ដោយសម្ដេចសង្ឃឹមថា ដំណោះស្រាយ នឹងមានការពិភាក្សាទាំងក្នុងឧត្តមមន្ត្រីអាស៊ាន ជាមួយឧត្តមមន្ត្រីសហរដ្ឋអាមេរិក ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអរគុណដល់រដ្ឋាភិបាលវៀតណាម ដែលបានគាំទ្រតួនាទីរបស់កម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដោយសម្ដេចបានជំរាបជូនពីលទ្ធផលនៃជំនួបរវាងសម្តេច និងឯកឧត្តម មីន អោងឡាំង ដែលបានជួបកាលពីថ្ងៃទី២ឧសភាកន្លងទៅនេះ ជាពិសេស ការពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ដែលជម្រុញដល់ចំណុចឯកភាពជាឯកច្ឆ័ន្ទរបស់អាស៊ានទាំង៥ចំណុច។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ពីការបោះឆ្នោតនៅពេលខាងមុខ ក៏ដូចជាការបោះឆ្នោតនៅឆ្នាំក្រោយ ដោយបច្ចុប្បន្ន កម្ពុជា មានស្ថិរភាពនយោបាយល្អ និងបរិកាសវិនិយោគល្អផងដែរ ។ សម្ដេចថា ក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ មិនមានករណីឆ្លងជំងឺកូវិដ-១៩ នោះទេ ។ សម្ដេចបានបន្តថា មានមនុស្សប្រមាណ ៤លាននាក់ ដែលជាអាទិភាព ក្នុងការចាក់វ៉ាក់សាំងដូសបន្ថែម ឬក៏ដូសទី៤ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ដែលសេដ្ឋកិច្ចរបស់យើងកំពុងដំណលរការយ៉ាងល្អប្រសើរ ដោយការនាំចេញបានកើនឡើង ដោយក្នុងឆ្នាំ២០២០ និង២០២១ មានការកើនឡើងប្រមាណ ៣៣% ហើយ ៤ខែដំបូងឆ្នាំនេះ ក៏មានការឡើងច្រើនទៀត ខណៈការនាំចេញទៅអាមេរិក មានការឡើងដល់ទៅ ៤០% ឯណោះ។ ចំណែកប្រមូលចំណូលពន្ធចូលថវិកាជាតិ គឺមានការកើនឡើងប្រមាណ ៤៣%។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរ ពីការព្រមព្រៀងគ្នាជាមួយនាយករដ្ឋមន្ត្រីវៀតណាម ក្នុងការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នាឡើងវិញ និងបានណែនាំឱ្យរដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសទាំងពីរ ពិភាក្សាគ្នាឱ្យបានច្បាស់លាស់ជុំវិញលក្ខខណ្ឌនៃការធ្វើដំណើរនេះ បន្ទាប់ពីផ្អាកដោយសារការរាតត្បាតជំងឺកូវីដ១៩ ខណៈកម្ពុជា ក៏បានសម្រួលលក្ខខណ្ឌមួយចំនួនប្រកបដោយភាពងាយស្រួល សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរបរទេសផងដែរ។
ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម ក៏បានឯកភាពជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណា ឱ្យប្រទេសយើងទាំង២ បានបើកទេសចរណ៍ឡើងវិញទាំងស្រុង ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នា ។
ក្នុងជំនួបនេះ ភាគីទាំង២ ក៏បានពិភាក្សាពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដែលថា បានសម្រេច ៦%ទៀត នៅឆ្នាំ២០២២នេះ ដោយនឹងគ្រោងនឹងចុះហត្ថលេខា ក្នុងឆ្នាំនេះ ខណៈដែលការចរចារសម្រេចបាន ៦%បន្ថែមនេះ កម្ពុជា-វៀតណាម បានធ្វើការចរចារប្រមាណ៣ឆ្នាំ ដែល ៦%បន្ថែមទៀតបូកទៅបាន៩០% ហើយសម្រេចថា នឹងចុះហត្ថលេខា នៅឆ្នាំ២០២២នេះ ៕