12/05/22 14:36 PM
បាត់ដំបង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារក្នុងការរៀបចំពិធីបុណ្យវិសាខបូជា និងដង្ហែក្បួនទៅតាមផែនទាំងបី ១.ផែនប្រសូត ២.ផែនត្រាស់ដឹង ៣.ផែនបរិនិព្វាន និងពិធីរាប់បាត្រព្រះសង្ឃចំនួន ១,០៦៦អង្គ ដែលនឹងធ្វើការរៀបចំនៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់ក្រុមការងារទាំងអស់ រៀបចំសមាសភាព សម្រាប់មន្ទីរអង្គភាពជុំវិញខេត្តចូលលរួមឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលរៀបចំក្បួនសម្រាប់ធ្វើការដង្ហែ និងត្រូវមានអ្នកទទួលខុសត្រូវតាមផែននីមួយៗ ក៏ដូចជាត្រូវមានការរៀបចំក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្រ្គោះឲ្យបានហើយស្រេច ដើម្បីត្រៀមលក្ខណៈក្នុងការមានការសង្រ្គោះបឋមពេលកំពុងដង្ហែរក្បួនវិសាខបូជា ។ ឯកឧត្តមបានណែនាំដល់ក្រុមការងាររៀបចំការដាក់ទង់ជាតិ ទង់សាសនា និងរៀបចំប៉ាដាពាក្យស្លោក និងពុទ្ធឱវាទរបស់ព្រះពុទ្ធ នៅតាមទីសាធារណៈ ដើមឈើនានានៅក្នុងក្រុង សម្រាប់ឲ្យពុទ្ធបរិស័ទមានការយល់ដឹងបន្ថែមទៀតអំពីពុទ្ធឱវាទទូន្មានល្អៗ របស់ព្រះពុទ្ធ ដែលបានប្រៀនប្រដៅដល់មនុស្សលោក ។
ឯកឧត្តម បានមានប្រសាសន៍ដល់ពុទ្ធបរិស័ទទាំងអស់ ដែលមានសទ្ធាជ្រះថ្លាចង់ចូលរួមក្នុងពិធីបុណ្យវិសាខបូជា ដែលក្នុងនោះមានការដង្ហែក្បួន ឯកឧត្តមស្វាគមន៍ជានិច្ចដល់ពុទ្ធបរិស័ទដែលមានបំណងចូលរួមក្នុងពិធីនេះឲ្យកាន់តែមានភាពអធិកអធមក្រៃលែង ដែលឆ្នាំនេះ ជាឆ្នាំដំបូងក្នុងការដំណើរការហែក្បួនបុណ្យវិសាខបូជានេះ បន្ទាប់ពីមានការអាក់ខានអស់រយៈពេលជាង២ឆ្នាំដោយសារតែវិបត្តិជំងឺកូវីដ-១៩ ហើយដោយឡែកនៅឆ្នាំនេះ ដោយសារតែគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩បានសម្រេចជោគជ័យ ស្របពេលដែលរាជរដ្ឋាភិបាលសម្រេចឲ្យមានការរៀបចំពិធីបុណ្យធំៗផ្សេងៗទៀត ដែលអនុញ្ញាតដល់រដ្ឋបាលខេត្តបាត់ដំបងអាចដំណើរការរៀបចំពិធីបុណ្យវិសាខបូជានាពេលខាងមុខនេះបាន ៕