13/05/22 09:44 AM
កំពង់ចាម៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលកៅស៊ូ DBST ចំនួន ៤២ខ្សែ ប្រវែង ៣១.៩១៧ ម៉ែត្រ នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នេះបើយោងតាមរបាយការណ៍ដែលយើងទទួលបាន នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នេះ។
ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលផ្លូវចំនួន ៤២ខែ្ស ប្រវែងជិត ៣២ គីទ្បូម៉ែត្រ ស្ថិតក្នុង ០៤ សង្កាត់នៃក្រុងកំពង់ចាម ដែលត្រូវបានដាក់សម្ពោធជាផ្លូវការសម្រាប់បម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ដើម្បីប្រកបរបររកទទួលទាន និងការសិក្សារៀនសូត្រ ក៏ដូចជាតម្រូវការចាំបាច់នានា សំដៅធានាបាននូវក្តីសង្ឃឹមលើអនាគតដ៏រុងរឿង។
ឯកឧត្តម បន្តទៀតថា ខេត្តកំពង់ចាម ក៏ដូចជាខេត្តនានានៅទូទាំងប្រទេស ធ្លាប់បានទទួលរងនូវផលប៉ះពាល់យ៉ាងដំណំដោយសារសង្គ្រាម ជាពិសេសក្នុងអំទ្បុងទសវត្សរ៍ ឆ្នាំ៧០ ដែលបានបង្កនូវវិនាសកម្ម និងការបំផ្លិចបំផ្លាញធំធេងលើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាផងដែរ។ ហើយប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់កាលៈទេសៈទាំងនោះ និងដែលបានបន្តនៅរស់រានមានជីវិតមកទល់បច្ចុប្បន្ន ពិតជាបានយល់ច្បាស់ណាស់នូវការ
ឈឺចាប់ និងការភ័យខ្លាចទាំងនោះ ជាពិសេសអំពីតម្លៃនៃសន្តិភាព ដែលកម្ពុជាកំពុងមានដូចពេលបច្ចុប្បន្ន ដោយបាននាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមជាមួយនឹងកិត្តិយស និងកិត្យានុភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិទាំងក្នុងតំបន់ និងសាកលលោក។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងអំពីប្រសាសន៍សម្តេចចូលដល់មានតម្លៃនិងមានអត្ថន័យថា បើផ្លូវដាច់ គេអាចតភ្ជាប់វិញបាន ប៉ុន្តែប្រសិនបើជីវិតបាត់បង់ នោះគឺមិនអាចវិលត្រឡប់មកវិញទ្បើយ។ ដូច្នេះហើយបានជាសម្តេចតែងបានខំគិតគូរធ្វើយ៉ាងណា រក្សាការពារអាយុជីវិតរបសប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បងបំផុត ដែលសច្ចភាពនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងជាក់ស្តែងតាមរយៈ ស្ថានការណ៍ប្រវត្តិសាស្រ្តជាច្រើន ហើយដែលចុងក្រោយនេះ គឺក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយសម្តេចតេជោ បានពិចារណាគិតគូរគ្រប់ជ្រុងជ្រោយ និងបានសម្រេចអារកាត់ប្រកបដោយការទទួលខុសត្រូវ និងលឿនរហ័ស ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យរួចផុតពីហានិភ័យនៃមហាគ្រោះថ្នាក់បង្កដោយជំងឺកូវីដ-១៩ ដែលទល់ពេលនេះបានឆក់យកជីវិតមនុស្សប្រមាណជាង ៦លាននាក់មកហើយនៅលើពិភពលោក។ លើលពីនេះ សម្តេចតេជោ ក៏តែងបានកំណត់យកទិសដៅអាទិភាពចំនួន ៤ រួមមាន៖ មនុស្ស ផ្លូវ ទឹក និងភ្លើង ដើម្បីជំរុញការលើកម្ពស់កម្រិតជីវភាព សុខភាព សុខុមាលភាព និងចំណេះដឹងរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរទ្បើង។
គួរបញ្ជាក់ថា ផ្លូវ ៤២ ខ្សែ ប្រវែងចិត្ត ៣២ គីឡូម៉ែត្រក្នុងក្រុងកំពង់ចាមដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ក្នុងការកសាងនិងកែលំអផ្លូវនេះ។ ហើយក៏មានការអបអរសាទរយ៉ាងក្រៃលែងពីសំណាក់ប្រជាពលរដ្ឋនៅខេត្តកំពង់ចាមពិសេសអ្នកដែលរស់នៅក្នុងក្រុងកំពង់ចាមផ្ទាល់តែម្ដង៕