សម្ដេចក្រឡាហោម ស ខេង ក្រើនរំលឹកដល់ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា


ត្រលប់ក្រោយ

16/05/22 09:38 AM

ចំនួនទស្សនា៖

212

ប្រភព៖

ព្រៃវែង

ខេត្តព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីនៃពិធីជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តព្រៃវែង។

នៅក្នុងពិធីជួបសំណេះសំណាលនោះផងដែរសម្ដេចក្រឡាហោម ស ខេង ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាដើម្បីជ្រើសតាំងតំណាងតាមឃុំសង្កាត់របស់ខ្លួនដែលខ្លួនពេញចិត្ត។ នឹងត្រូវភ្ជាប់ជាមួយនូវឯកសារដូចជាអត្តសញ្ញាណប័ណ្ណដែលមានសុពលភាព ឬបើមិនមានអត្តសញ្ញាណប័ណ្ណសូមភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់អំពីការចូលរួមបោះឆ្នោតតាមឃុំសង្កាត់រាងៗខ្លួន។

សម្ដេចមានប្រសាសន៍បន្ថែមទៀតថា ពិធីជួបជុំនាឱកាសនេះ មានបំណងពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាពាក់ព័ន្ធនឹងផែនការឆ្ពោះទៅកាន់ការបោះឆ្នោត និងវិធានការជាក់ស្ដែងនានាដែលចាត់ចែងអនុវត្តដោយក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ។

ឯកឧត្តម ស្បោង សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម និងអង្គពិធី ដោយនៅក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានគូសបញ្ជាក់អំពីកិច្ចការដែលគណបក្សខេត្តបាននឹងកំពុងយកចិត្តទុកដាក់ក្នុងដំណើរឈានទៅបន្តទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតខាងមុខនេះ ។

សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់ឱកាសឱ្យតំណាងបេក្ខជនឈរឈ្មោះបោះឆ្នោតមកពីឃុំមួយចំនួនក្នុងខេត្តព្រៃវែង ឡើងថ្លែងណាប់អារម្មណ៍អំពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៥ឆ្នាំកន្លងមក ព្រមទាំងលើកឡើងនូវបញ្ហាប្រឈម ទិសដៅអនុវត្ត សំណូមពរ និងការប្ដេជ្ញាចិត្ត ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានស្ដាប់នូវការលើកឡើងពីតំណាងបេក្ខជនដែលក្នុងនោះក៏មានការគូសបញ្ជាក់អំពីបញ្ហាប្រឈមខ្លះៗផងនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យគណៈកម្មាធិការគណបក្សក្រុង ស្រុក និងខេត្ត សហការដោះស្រាយបញ្ហាទាំងឱ្យបានប្រកបដោយប្រសិទ្ធភាពទាំងបញ្ហាប្រឈមចំពោះថ្នាក់ដឹកនាំឃុំ សង្កាត់ និងបញ្ហាប្រជាពលរដ្ឋ។ សម្ដេចក៏បានអំពាវនាវជាថ្មីទៀតឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិសេសអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ខិតខំបំពេញភារកិច្ចបំរើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ ឱ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដើម្បីបន្តលើកតម្កើងកិត្តិយសជាតិក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស៕




dd
Bottom Ad