17/05/22 16:20 PM
កំពង់ចាម៖ ថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនគណៈអាជីវករ និងលោកគ្រូ អ្នកគ្រូ នៅក្នុងក្រុងកំពង់ចាម ប្រមាណជិត ១,០០០នាក់ ដែលពិធីនេះ បានរៀបចំឡើង នៅសាលសន្និសីទសាលាខេត្ត នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានថ្លែងថា «ធនធានមនុស្ស ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើនទៅមុខ បន្ទាប់ពីយើង មានសុខសន្តិភាពនោះ» ។
ឯកឧត្ដមអភិបាល ខេត្តកំពង់ចាម មានប្រសាសន៍លើកឡើងថា តាមរយៈ កំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជម្រុញធ្វើឲ្យវិស័យអប់រំ មានការរីកចម្រើនយ៉ាងខ្លាំង ។ ជាមួយនោះ ក្មួយៗសិស្សានុសិស្ស សប្បាយចិត្ត នៅក្នុងការខិតខំរៀនសូត្រ ។ រីឯគ្រូបង្រៀននៅតាមបណ្ដាសាលា និងថ្នាក់រៀនរបស់ខ្លួន ក៏បានបំពេញកាតព្វកិច្ចជាគ្រូល្អ ដែលប្រការនេះ ធ្វើឱ្យខេត្តកំពង់ចាម ទទួលបានលទ្ធផលសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ កន្លងទៅ ទទួលបាននិទ្ទេស A រហូតដល់ទៅ ៣២នាក់ ។
ឯកឧត្ដម មានប្រសាសន៍ថា ហើយលទ្ធផលទាំងនោះ គឺជាការចូលរួមចំណែកទាំងអស់គ្នា ពីសំណាក់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល និងគណៈគ្រប់គ្រងសាលា ព្រមទាំង មន្ទីរអប់រំយុវជន និងកីឡា ដោយបានខិតខំប្រឹងប្រែង ដោះស្រាយរាល់បញ្ហានានា ។ រីឯលោកគ្រូ អ្នកគ្រូ បានខិតខំបង្រៀនសិស្ស ដោយការយកចិត្តទុកដាក់ខ្ពស់ ដែលកត្តាទាំងអស់នេះហើយ គឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍ ធនធានមនុស្ស ដើម្បី ឈានទៅអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ឲ្យកាន់តែរីកចម្រើនថែមទៀត ។
ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ក្នុងនោះ មាន ៖ វិស័យផ្លូវ ទឹក ភ្លើង និងមនុស្ស ។ ប៉ុន្តែ មកដល់បច្ចុប្បន្ន គឺវិស័យធនធានមនុស្ស បានឈរមកលំដាប់អទិភាពទី១ វិញ ពីព្រោះថា វិស័យធនធានមនុស្សនេះ មានសារៈសំខាន់ណាស់ នៅក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន បន្ទាប់ពីប្រទេសរបស់យើង មានសុខសន្តិភាពពេញបរិបូរណ៍នោះ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានលើកការអំពាវនាវ ទៅដល់លោកគ្រូ អ្នកគ្រូ ដែលមានវត្តមាន នៅក្នុងពិធីនេះ ក៏ដូចជា ប្រជាពលរដ្ឋទូទៅ នៅក្នុងទូទាំងខេត្តកំពង់ចាម សូមចូលរួមសាមគ្គីគ្នា ថែរក្សាការពារ សុខសន្តិភាព ឲ្យស្ថិតស្ថេរគង់វង់ តទៅថ្ងៃអនាគត ។ ទន្ទឹមនឹងនោះដែរ នៅថ្ងៃទី០៥ មិថុនា ឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ។ ដូច្នេះ សូមឲ្យលោកគ្រូ អ្នកគ្រូ និងក្រុមគ្រួសារ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ចាម អញ្ជើញទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បី ជ្រើសរើសថ្នាក់ដឹកនាំ បន្តដឹកនាំ និងអភិវឌ្ឍមូលដ្ឋាននីមួយៗ ឲ្យកាន់តែរីកចំរើនទៅមុខ ជាបន្តទៀត ៕