រថយន្តចតលើទ្រូងផ្លូវគ្មានផ្លាកសញ្ញាម៉ូតូបើកក្នុងល្បឿនលឿនបុកពេញទំហឹងបណ្តាលអោយបុរសម្នាក់ស្លាប់បាត់បង់ជីវិត


ត្រលប់ក្រោយ

23/05/22 15:40 PM

ចំនួនទស្សនា៖

271

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទី លើផ្លូវជាតិលេខ៥៧B ត្រង់ចំណុចក្រុមទី០៧ ស្ថិតក្នុងភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ ០១គ្រឿង និងរថយន្ត ០១គ្រឿង បណ្តាលអោយបុរសម្នាក់ស្លាប់បាត់បង់ជីវិត។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូម៉ាកហុងដាឌ្រីម (HONDA-DREAM) ពណ៌ខ្មៅ ស៊េរី១៩៩៧ ពាក់ផ្លាកលេខ បាត់ដំបង ខ-4241 បើកបរដោយឈ្មោះ រើន ប៊ុនរ៉ង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បើកបរដល់ចំណុចកើតហេតុខាងលើបានទៅបុកនិងរថយន្តដឹកទំនិញធុនធ្ងន់ (V1) ០១គ្រឿង ម៉ាកហ្វ៊ុយសូ (FUSO) ពណ៌ខៀវលាយស ពាក់ផ្លាកលេខ បាត់ដំបង 3A-0446 បើកបរដោយឈ្មោះ ជួយ សុជា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ហេតុការណ៍ខាងលើនេះបណ្តាលឱ្យភាគីអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ ០១នាក់ប្រុស (មិនពាក់មួកសុវត្ថិភាព) ចំណែករថយន្តបើករត់គេចដល់ភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេល បានចតរថយន្តចោលរួចអ្នកបើកបររត់គេចខ្លួនបាត់។

តាមការពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ចអាចបញ្ជាក់បានថាករណីនេះបណ្តាលមកពីរថយន្តចតលើទ្រូងផ្លូវគ្មានផ្លាកសញ្ញា និងភ្លើងបំភ្លឺពីក្រោយក្នុងទិសដៅពីកើតទៅលិចលុះពេលដល់ម៉ោងកើតហេតុស្រាប់តែម៉ូតូធ្វើដំណើរក្នុងទិសស្របបានបុករថយន្តកំពុងចតចំពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងតែម្តង។ បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានកសាងសំណុំរឿងប្រគល់ឱ្យការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង រង់ចាំចំណាត់ការតាមនីតិវិធី-ច្បាប់ ដោយឡែកសាកសពជនរងគ្រោះសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕



dd
Bottom Ad