24/05/22 10:31 AM
(សៀមរាប)៖ ឯកឧត្តម សោម ចំណាន អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដេីម្បីពិនិត្យ និងអនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣ នៃគណៈកម្មខេត្តសៀមរាប សម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ ដោយមានការអញ្ជើញចូលរួមពីខាងមន្ទីរ ស្ថាប័ន ពាក់ព័ន្ធជុំវិញខេត្តសៀមរាប ប្រមាណ៥០នាក់ នៅសណ្ឋាគារ សោមាទេវី ខេត្តសៀមរាប។
ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ឆ្លើយតបទៅនឹងគោលនយោបាយជាតិស្តីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ រដ្ឋបាលខេត្តសៀមរាប បានធ្វើការរៀបចំ និងកែសម្រួលនូវសមាសភាពគណៈកម្មការខេត្តសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ នេះ ចំនួន ២លេីករួចមកហើយ ដោយមានកិច្ចសហការរៀបចំ និងគាំទ្រជាបច្ចេកទេសពីក្រុមលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួង(គ.អ.ម.ក) ដែលដឹកនាំដោយឯកឧត្តម សោម ចំណាន ប្រធានលេខាធិការដ្ឋានថ្នាក់ជាតិ។ ជាក់ស្តែង ថ្ងៃនេះ គណៈកម្មការថ្នាក់ខេត្តបានពិនិត្យ កែសម្រួល និងបានសម្រេចអនុម័តផែនការសកម្មភាពសម្រាប់អនុវត្ត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ សម្រាប់រយៈពេល២ឆ្នាំ (២០២២-២០២៣)។
ឯកឧត្តមអភិបាលរង បញ្ជាក់បន្ថែមថា ផែនការសកម្មភាពនេះ និងត្រូវអនុវត្តរួមគ្នា ទៅតាមសមត្ថកិច្ចរបស់មន្ទីរ អង្គភាពរៀងខ្លួន និងសហការអោយបានជិតស្និទ្ធិជាមួយក្រុមការងារលេខាធិការដ្ឋាន ដែលមានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប។ ឯកឧត្តមបានបង្ហាញនូវការយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយជាតិនេះ រួមគ្នា ដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា នៅក្នុងដំណាក់កាលទី៣។
ក្នុងឱកាសនោះ ឯកឧត្តម សោម ចំណាន បានសម្តែងនូវអំណរគុណដល់មន្ទីរ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប និងក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួង(គ.អ.ម.ក) ដែលបានខិតខំកសាង បង្កើតជាសេចក្តីព្រាងផែនការសកម្មភាពនេះឡើង រហូតដល់ទទួលបានអនុម័ត។ ឯកឧត្តមអនុរដ្ឋលេខាធិការ គូសបញ្ជាក់ថា បើសិនជាផែនការសកម្មភាពនេះអនុវត្តបានជាអតិបរិមាជាការចូលរួមចំណែកសម្រាប់ភាពសុខដុមក្នុងខេត្តសៀមរាប ដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និងការពង្រឹងអភិបាលកិច្ចទីផ្សារការងារ។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ លើកឡើងថា ខេត្តសៀមរាប ជាខេត្តដំបូង ដែលមានផែនការសកម្មភាពឆ្នាំ២០២២-២០២៣ សម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ ហើយក៏ចាត់ទុកជាខេត្តគំរូមួយសម្រាប់បណ្តាខេត្ត-រាជធានី ទាំង២៤ផ្សេងទៀត យកគំរូតាម ដើម្បីពិនិត្យចងក្រង បង្កើតជាផែនការសកម្មភាពសម្រាប់ខេត្តរបស់ខ្លួនផងដែរ។
ការអនុវត្តគោលនយោបាយនេះនឹងរួមចំណែកលើកតម្កើងជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងសុខដុមរមនាសង្គម តាមរយៈការបង្កើតឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ជូនប្រជាពលរដ្ឋប្រកបដោយសមធម៌ សំដៅធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័នឧស្សាកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញនៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានកំណើនខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ភាពសុខដុមក្នុងសង្គមដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល៕