អតីតកន្លែងស្ពានឈើវត្តព្រះពន្លាដែលទឹកជំនន់បំផ្លាញកន្លងមក គ្រោងជំនួសមកវិញដោយស្ពានថ្ម ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នឹងស្ថាបនាក្នុងពេលឆាប់ៗនេះ


ត្រលប់ក្រោយ

30/05/22 09:50 AM

ចំនួនទស្សនា៖

310

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងលោក ហ៊ិល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងថា៖ ស្ពានឈើវត្តព្រះពន្លាដែលមានអាយុកាល៦០ឆ្នាំហើយនោះ ស្ថិតនៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបំផ្លាញដោយទឹកជំនន់ បានបាក់ស្រុតចូលទៅក្នុងស្ទឹងព្រះពន្លា នៅព្រឹកថ្ងៃ ទី១៣ ខែតុលា ឆ្នាំ២០២០ បាត់កន្លងមក រហូតមកដល់សព្វថ្ងៃ ប្រហែលមានសង្ឃឹមថានឹងជំនួសមកវិញដោយស្ពានថ្ម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ាន សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានក្រុមការងារគណប្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នឹងស្ថាបនាស្ពាននេះជាស្ពានចាក់បេតុងឡើងវិញនៅពេលឆាប់ៗនេះ។

លោក ហ៊ិល រ៉ាយ៉ា បានមានប្រសាសន៍នៅថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២២ថា៖ លោកបានដឹកនាំក្រុមការងារចុះសិក្សាពិនិត្យវាស់វែង បោះតម្រុយ សម្រាប់គម្រោងស្ថាបនាស្ពានបេតុងព្រះពន្លា ឆ្លងស្ទឹងសិរីសោភ័ណ ដែលមានបណ្តោយប្រវែង១២០ម៉ែត្រ ទទឹង៨ម៉ែត្រ ដែលជាអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ជំនួសស្ពានឈើចាស់ទ្រុឌទ្រោមដែលបានបាក់ដួលរលំខូចខាតដោយទឹកជំនន់កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០២០កន្លងមកនេះ ។

លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖លោកបានដឹកនាំក្រុមការងារបន្ទាប់ពីមានសំណូមពរដ៏ទទូចពីព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានចុះពិនិត្យជាក់ស្តែងនិងសួរសុខទុក្ខប្រជាពលរដ្ឋនៅទីនោះ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២មក ។

ព្រះតេជគុណ យឿន សាមឿន ព្រះគ្រូចៅអធិការ វត្តព្រះពន្លាបានមានសង្ឃដិកាថា៖ស្ពានឈើចាស់ទីនោះត្រូវបានសាងសង់ដោយព្រះសង្ឃនៅគ.ស១៩៦២ លុះដល់ឆ្នាំ១៩៩៣ ស្ពានត្រូវបានជួសជុលកែលម្អនិងប្រក់ដំបូលស័ង្កសី ដោយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិនិងសប្បុរសជន ប៉ុន្តែដោយស្ពាននេះវាចាស់ទ្រុឌទ្រោមខ្លាំងពេកបានបាក់ដួលរលំខូចខាតទាំងស្រុងដោយទឹកជំនន់កាលពីថ្ងៃទី១៣ខែតុលា ឆ្នាំ២០២០ ។ស្ពាននេះមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋពុទ្ធបរិស័ទ ឆ្លងកាត់ មាន៖ភូមិ ១/ភូមិព្រះពន្លា, ២/ភូមិ ព្រៃឬស្សី, ៣/ភូមិ៣, ៤/ភូមិ៤ ។

ព្រះគ្រូចៅអធិការវត្តបានមានសង្ឃដិកាបន្តថា៖ចាប់ពីស្ពានបាក់មកព្រះអង្គ មានបំណងស្នើឲ្យមាន ការស្ថាបនាឡើងវិញដែរ ប៉ុន្តែដោយសារមានវិបត្តិសាកលនៃជម្ងឺកូវីដ-១៩ ទើបត្រូវផ្អាកវិញ និងម្យ៉ាងទៀតដោយសារមានស្ពានបេតុងមួយជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី ស្ថិតនៅខាងជើងនោះស្ពាននេះ១ហើយសម្រាប់ឆ្លងស្ទឹងសិរីសោភ័ណវាមិនអាចធ្វើឲ្យកកស្ទះប្រជាជនឆ្លងកាត់ទៅមកផង។

គួរបញ្ជាក់ផងដែថា៖នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២នេះ បានដំណឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានផ្តល់អំណោយសាងសង់ជាស្ពានបេតុងថ្មីសំរាប់ជូនដល់ ព្រះសង្ឃ ប្រជាពលរដ្ឋ ធ្វើដំណើរទៅមកបានស្រួល សង្ឃឹមថាប្រជាជនរស់នៅ៤ភូមិ ១/ភូមិព្រះពន្លា ,២/ភូមិព្រៃឬស្សី,៣/ភូមិ៣,៤/ភូមិ៤ពិតជាសប្បាយចិត្តនិងប្រជាពលរដ្ឋទូទៅធ្វើដំណើរបានស្រួលផងដែរ​។​និងដោយឡែកពុទ្ធបរិស័ទចំណុះជើងវត្តនឹងងាយស្រួលទៅ មកធ្វើបុណ្យទាននៅវត្តព្រះពន្លានេះ ។

លោក ហ៊ិល រ៉ាយ៉ា និង លោកសុក ចាន់ថាបានឲ្យដឹងបន្តថា៖តាមគម្រោងសាងសង់ស្ពានថ្មថ្មីនេះអាចចំណាយពេលពី២៤ទៅ៣០ខែ ព្រោះពេលនេះជារដូវវស្សា ហើយនឹងទឹកជន់ឡើងផងដែរ ។

ក្នុងនោះប្រជាពលរដ្ឋបានថ្លែងអំណុគដល់ សម្តេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ ពិសេសលោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានយកចិត្តទុកដាក់រួមសុខរួមទុក្ខកសាងស្ពានថ្មឡើងវិញ ជំនួសស្ពានឈើដែលបំផ្លាញដោយទឹកជំនន់ ដើម្បីលើកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ បង្កលក្ខណ:ងាយស្រួលដល់ ព្រះសង្ឃនិងពុទ្ធបរិស័ទឆ្លងទៅមកធ្វើបុណ្យទានបានស្រួលផងដែរ ៕


dd
Bottom Ad