31/05/22 16:59 PM
ព្រៃវែង៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ បានចាត់លោក ប៉ុល រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំចុងអំពិល ស្រុកកញ្ជ្រៀច ចុះជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកកញ្ជៀច និងបានប្រគល់ម៉ាស៊ីនអេកូ បំពាក់ដោយសម្ភារបរិក្ខាទំនើប ជូនដល់មន្ទីរពេទ្យបង្អែកស្រុកកញ្ជ្រៀច សម្រាប់ពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសជួបសំណេះសំណាលនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នេះ លោក ប៉ុល រតនា មានប្រសាសន៍ថាបន្ទាប់ពីទទួលបានម៉ាស៊ីនអេកូនេះហើយ សូមក្រុមគ្រូពេទ្យដែលទទួលលើការងារជំនាញនេះ សូមជួយថែរក្សា ក៏ដូចជាការប្រើប្រាស់ទៅតាមលក្ខណៈបច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូរ។
លោកបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ នៃមន្ទីរពេទ្យបង្អែកស្រុកកញ្ជ្រៀច ដែលបានខិតខំប្រឹងប្រែងព្យាបាលអ្នកជំងឺជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ជាមួយគ្នានេះ ក៏បានឆ្លៀតឱកាសចុះសួរសុខទុក្ខ និងនាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជូនចំពោះប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ និងសូមជូនពរប្រជាពលរដ្ឋឆាប់បានជាសះស្បើយពីជំងឺផងដែរ៕