សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បេក្ខជន សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ស្រុកឯកភ្នំ ខេត្តបាត់ដំបង


ត្រលប់ក្រោយ

01/06/22 09:17 AM

ចំនួនទស្សនា៖

255

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ នៅរសៀលថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បេក្ខជន សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ 


អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនអង្គពិធីនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានជូនពរឱ្យគណបក្សប្រជាជនកម្ពុជាស្រុកឯកភ្នំ សូមទទួលបានជោគជ័យ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។


សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន បានរួបរួមកម្លាំងសាមគ្គីគ្នាគាំទ្រយ៉ាងពេញទំហឹងដល់ដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់នេះ រួមទាំងការគាំទ្រដល់បេក្ខជនឈរឈ្មោះទាំងអស់ ដើម្បីបន្តការទទួលបានជោគជ័យសម្រាប់ការបោះឆ្នោត និងឈានទៅបន្តអនុវត្តនូវកម្មវិធីនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ រយៈពេល៥ឆ្នាំបន្តទៀត ព្រមទាំងការបន្តថែរក្សាការពារសុខសន្តិភាពដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។


ពាក់ព័ន្ធនឹងការអភិវឌ្ឍជាតិ និងបំរើប្រជាពលរដ្ឋ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា«សេចក្ដីស្រេចឃ្លានរបស់គណបក្សយើងដើម្បីបំរើប្រជាពលរដ្ឋមិនចប់ទេ ដូច្នេះយើងត្រូវការអំណាច ហើយដើម្បីបានអំណាចមិនមែនច្បាំងគ្នានោះទេ គឺបោះឆ្នោត គឺធ្វើឱ្យប្រជាពលរដ្ឋគាំទ្រ គណបក្សយើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំមន្រ្តីធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ អំពើល្អមិនដែលខុសទេ ដឹងសុខទុក្ខប្រជាពលរដ្ឋ។ នេះជាទម្លាប់ ជាប្រពៃណី ជាអកប្បកិរិយា ជាឧត្តមគតិរបស់គណបក្សប្រជាជនកម្ពុជាតាំងពីដើមរៀងមក ហើយយើងមិនគាំទ្រការប្រើអំណាចដោយរំលោភរបស់មន្ត្រីណាមួយឡើយ»។


សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នេះ មានគោលបំណងចាក់គ្រឹះប្រជាធិបតេយ្យ ពង្រឹងស្ថិរភាពនៅមូលដ្ឋាន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ស្រុក។ សម្ដេចបន្តថារដ្ឋបាលថ្នាក់ជាតិបានផ្ទេរសិទ្ធិអំណាច និងធនធានមករដ្ឋបាលថ្នាក់ក្រោមជាតិរួមទាំងរដ្ឋបាលឃុំ សង្កាត់ជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន។


សម្ដេចបានរំលឹកថាក្នុងរយៈពេល៤អាណត្តិនៃការបោះឆ្នោតឃុំ សង្កាត់នេះ ការផ្ទេរថវិការពីថ្នាក់ជាតិមករដ្ឋបាលឃុំ សង្កាត់បានកើនឡើងជាបន្តបន្ទាប់ ហើយនៅឆ្នាំ២០២០នេះ រដ្ឋក៏បានរៀបចំគម្រោងបង្កើនថវិកាឃុំ សង្កាត់នេះដែរ ប៉ុន្តែស្ថានភាពកូវីដ-១៩ បានរំខានធ្វើឱ្យរាជរដ្ឋាភិបាលសម្រេចកាត់បន្ថយថវិកាទាំងនោះវិញ ដើម្បីចាត់ចែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូចជាការចាក់វ៉ាក់សាំង និងការផ្ដល់ជំនួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះខ្លាំងក្នុងវិបត្តិនេះ។


មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យថ្នាក់ដឹកនាំ បេក្ខជន សមាជិក សមាជិការ និងសកម្មជនគណបក្សប្រជាជនកម្ពុជាស្រុកឯកភ្នំ ទាំងអស់ធ្វើចលនាប្រជាពលរដ្ឋឱ្យអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការថែរក្សាសុខសន្តិភាព អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងមូលដ្ឋានប្រជាពលរដ្ឋឱ្យកាន់តែរីកចំរើន។ សម្ដេចក៏បានអំពាវនាវឱ្យគ្រប់ភាគីគាំទ្រដំណើរការបោះឆ្នោតនេះឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕




dd
Bottom Ad