សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បេក្ខជន សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ស្រុកថ្មគោល ខេត្តបាត់ដំបង


ត្រលប់ក្រោយ

01/06/22 09:31 AM

ចំនួនទស្សនា៖

247

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ នៅរសៀលថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បេក្ខជន សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ស្រុកថ្មគោល ខេត្តបាត់ដំបង។ 


អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនអង្គពិធីនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានជូនពរឱ្យគណបក្សប្រជាជនកម្ពុជាស្រុកថ្មគោលទទួលបានជោគជ័យ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ។


សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នេះ មានគោលបំណងចាក់គ្រឹះប្រជាធិបតេយ្យ ពង្រឹងស្ថិរភាពនៅមូលដ្ឋាន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ស្រុក។ សម្ដេចបន្តថារដ្ឋបាលថ្នាក់ជាតិបានផ្ទេរសិទ្ធិអំណាច និងធនធានមករដ្ឋបាលថ្នាក់ក្រោមជាតិរួមទាំងរដ្ឋបាលឃុំ សង្កាត់ជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន។


សម្ដេចបានរំលឹកថាក្នុងរយៈពេល៤អាណត្តិនៃការបោះឆ្នោតឃុំ សង្កាត់នេះ ការផ្ទេរថវិកាពីថ្នាក់ជាតិមករដ្ឋបាលឃុំ សង្កាត់បានកើនឡើងជាបន្តបន្ទាប់ ហើយនៅឆ្នាំ២០២០នេះ រដ្ឋក៏បានរៀបចំគម្រោងបង្កើនថវិកាឃុំ សង្កាត់នេះដែរ ប៉ុន្តែស្ថានភាពកូវីដ-១៩ បានរំខានធ្វើឱ្យរាជរដ្ឋាភិបាលសម្រេចកាត់បន្ថយថវិកាទាំងនោះវិញ ដើម្បីចាត់ចែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូចជាការចាក់វ៉ាក់សាំង និងការផ្ដល់ជំនួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះខ្លាំងក្នុងវិបត្តិនេះ។



សម្ដេចបានសម្ដែងក្ដីសង្ឃឹមថានៅពេលស្ថានភាពកូវីដ-១៩បានធូរស្រាលទាំងស្រុង រាជរដ្ឋាភិបាលនឹងបន្តបង្កើនថវិកាអភិវឌ្ឍន៍ឃុំ សង្កាត់នេះជាបន្តទៀត ដើម្បីឱ្យរដ្ឋបាលនេះកាន់តែមានលទ្ធភាពច្រើនក្នុងការដោះស្រាយបញ្ហាផ្សេងៗឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ សម្ដេចក៏បានរំលឹកអំពីការធ្វើសន្និបាតរបស់រដ្ឋបាលឃុំ សង្កាត់ សម្រាប់អាណត្តិ៥ឆ្នាំ ២០១៧ - ២០២២ ដោយបានរកឃើញនូវលទ្ធផលសំខាន់ៗ និងបញ្ហាប្រឈម ខណៈទិសដៅការងារឆ្នាំ២០២២ - ២០២៧ ក៏បានដាក់ចេញរួចរាល់។



ពីវេទិកានៃពិធីសំណេះសំណាលនេះដែរ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់អំពីការប្រែប្រួលជាវិជ្ជមាននៃស្ថានភាពសេដ្ឋកិច្ច និងសង្គម ដូចជាភាពសម្បូរបែបនៃសំណង់សាធារណៈ ផ្ទះសម្បែងប្រជាពលរដ្ឋ កំណើនមធ្យោបាយប្រើប្រាស់របស់ប្រជាពលរដ្ឋ ដូចជាម៉ូតូ រថយន្ត គោយន្ត ត្រាក់ទ័រជាដើម។ សម្ដេចទទួលស្គាល់ថានៅក្នុងសង្គម បញ្ហាប្រឈមតែងកើតមានឡើងជាហូរហែរ ប៉ុន្តែរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងមន្រ្តីគ្រប់ថ្នាក់មានឆន្ទៈដោះស្រាយបញ្ហាទាំងនោះ ប្រកបដោយប្រសិទ្ធិភាព។



ជាមួយគ្នានេះ សម្ដេចក៏បានជំរុញថ្នាក់ដឹកនាំមូលដ្ឋានខិតខំក្ដាប់ និងប្រមូលបញ្ហាប្រជាពលរដ្ឋ ហើយរួមកម្លាំងសាមគ្គីគ្នាដើម្បីដោះស្រាយ ដោយមិនត្រូវទុកបញ្ហាណាមួយចោលនោះឡើយ។ សម្ដេចបានបន្ថែមថា«យើងត្រូវបង្ហាញការទទួលខុសត្រូវ ក្រុមប្រឹក្សឃុំ សង្កាត់យើង ត្រូវទទួលខុសត្រូវចំពោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោតជាអាទិភាព ហើយបន្ទាប់មកគឺទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាលដែលបានផ្ទេរតួនាទី និងភារកិច្ច រួមទាំងធនធានមកឱ្យគាត់អនុវត្តដើម្បីបំរើប្រជាពលរដ្ឋ៕





dd
Bottom Ad