01/06/22 10:10 AM
កណ្ដាល៖ ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាពឃុំព្រែកជ្រៃ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពី
ឯកឧត្ដមសាស្រ្តាចារ្យ មុំ ជោត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកស្ដី តំណាងឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១១ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរដ្ឋបាលស្រុក បុគ្គលិកមន្ទីរពេទ្យបង្អែកស្រុក បុគ្គលិកមណ្ឌលសុខភាពព្រែកជ្រៃ និងប្រជាពលរដ្ឋ សរុបប្រមាណ៥២៩រូប។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីអំពីការយកចិត្តទុកដាក់ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ លើវិស័យសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋស្រុក កោះធំ ជាពិសេសការខិតខំប្រឹងប្រែងស្វែងរកថវិកាមកជួយកសាង ជួសជុលមណ្ឌលសុខភាពនៅឃុំ ព្រែកជ្រៃ និងបានលើកឡើងអំពីការបំពេញការងាររបស់រាជរដ្ឋាភិបាលជូនប្រទេសជាតិមាតុភូមិរបស់យើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ និងរដ្ឋាភិបាលតែមួយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ សុខសន្តិភាពនេះបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានឱកាសទាក់ ទាញអ្នកវិនិយោគមកដាក់ទុននៅកម្ពុជាបង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋ ទាក់ទាញទេសចរណ៍ មកលេងកម្ពុជាបង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋ និងយកកសិផល ទំនិញផលិតនៅកម្ពុជាទៅ លក់នៅបរទេស ផ្ដល់ឱកាសឱ្យរាជរដ្ឋាភិបាលកសាង ផ្លូវ ស្ពាន សាលារៀន មន្ទីពេទ្យ វត្តអារាម ប្រឡាយទឹក និងការសម្រេចបានសមិទ្ធផលទាក់ទងនឹងវិស័យសុខាភិបាលជាច្រើនទៀតផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីការកើនឡើងនៃជីវិតសង្ឃឹមរស់ (Life Expectancy) រយៈពេល ១៤ឆ្នាំបន្ថែមទៀតរបស់ប្រជាជនកម្ពុជាប្រៀបធៀបទៅនឹងរយៈពេល ២០ឆ្នាំកន្លងទៅ ដោយសារកម្ពុជាមានការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសមធ្យោបោយ និងផ្លូវ ធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យដើម្បីស្វែងរកសេវាថែទាំ និងព្យាបាលសុខភាពរួមជាមួយនឹងបរិស្ថាន រស់នៅស្អាត អាហារបរិភោគគ្រប់គ្រាន់ និងទឹកស្អាតជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីវឌ្ឍនភាពនៃគម្រោងសាងសង់មន្ទីរ ពេទ្យតេជោសែនកោះធំ គម្រោងបំពាក់សម្ភារៈវេជ្ជសាស្ត្រទំនើបៗស្របតាមស្តង់ដាអន្តរជាតិដូចជា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េ និងបានជម្រាបជូនថា៖ បច្ចុប្បន្នមន្ទីរពេទ្យកាល់ម៉ែតកំពុងបណ្ដុះបណ្ដាល ក្រុមគ្រូពេទ្យប្រមាណជាង១០០នាក់ ដើម្បីត្រៀមមកផ្ដល់សេវាព្យាបាលជូនបងប្អូនប្រជាពលរដ្ឋនៅមន្ទីរ ពេទ្យតេជោសែនកោះធំ ហើយសង្ឃឹមជឿជាក់ថាបងប្អូននៅស្រុកលើកដែក ស្រុកស្អាងនៃខេត្តកណ្តាល ស្រុកព្រៃកប្បាសនៃខេត្តតាកែវ អាចមកទទួលសេវាព្យាបាល ជំងឺនៅមន្ទីរពេទ្យនេះផងដែរ។
គួរកត់សម្គាល់ថា៖ យោងតាមរបាយការណ៍វឌ្ឍនភាពរបស់ក្រុមការងារទទួលបន្ទុកការងារសាងសង់ បានឱ្យដឹងថា៖ គិតត្រឹមសប្តាហ៍ទី៤ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ការងារសាងសង់សម្រេចបាន ៣៦,០៨%ហើយ គ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២២ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅមុនពិធី បុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ខាងមុខ។
សូមជម្រាបជូនថា៖ អគារមណ្ឌលសុខភាពព្រែកជ្រៃដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះបាន កសាងកាលពីខែធ្នូ ឆ្នាំ២០១៩ លើផ្ទៃដីចំនួន៣៦១ម៉ែត្រការ៉េ ទទឹង១៨ម៉ែត្រ បណ្ដោយ២៨ម៉ែត្រ ចំណាយអស់ថវិកាចំនួន ៥៩៩,៩៥៣,៥០០ រៀល ក្នុងនោះរួមមាន៖ ការធ្វើរបងជុំវិញមណ្ឌលសុខភាព ចាក់សាបទីធ្លាខាងក្រោម ធ្វើបន្ទប់ចំនួនពីរនៅខាងក្រោម ជណ្តើរសម្រាប់ជនពិការ ឡដុតសំរាម ជណ្តើរ ដើរចុះព្រែកសម្រាប់សេវាផ្លូវទឹក និងមានបំពាក់ម៉ាស៊ីនត្រជាក់ចំនួនពីរគ្រឿង។ សម្ធិផលទាំងនេះបាន ធ្វើឱ្យឃុំព្រែកជ្រៃមានការផ្លាស់ប្តូរមុខមាត់ជាថ្មីម្ដងទៀត៕