02/06/22 09:13 AM
ព្រៃវែង៖ រសៀលថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តដែលដឹកនាំដោយឯកឧត្តម ជា សុមេធី អភិបាលខេត្ត ដើម្បីពិនិត្យ និងវាយតម្លៃនៅសកម្មភាពការងាររបស់រដ្ឋបាល ក្រុង ស្រុក ទាំង ១៣ មន្ទីរអង្គភាព អាជ្ញាធរ ពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តព្រៃវែង ដែលបានអនុវត្តកន្លងមក។
ក្រោយពីបានស្ដាប់របាយការណ៍អំពីផែនការសកម្មភាពរបស់មន្ទីរអង្គភាព អាជ្ញាធរ ក្រុង ស្រុកទាំងអស់នៃខេត្តព្រៃវែង បានអនុវត្តការងាររយៈពេលកន្លងមកនេះ ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ ដល់រដ្ឋបាលស្រុក ទាំងអស់ត្រូវយកចិត្តទុកដាក់ អនុវត្តនូវផែនការសកម្មភាពការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀតធ្វើយ៉ាងណាដើម្បីធានាដល់ការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរឡើងបន្ថែមទៀត។
ឯកឧត្តម ក៏បានណែនាំដល់ អាជ្ញាធរ ក្រុង ស្រុក ត្រូវពង្រឹងនៅ ភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អ ធ្វើយ៉ាងណាដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានកាន់ល្អប្រសើឡើង។
សូមបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនារសៀលនោះគឺដើម្បីពិនិត្យទៅលើ៖
១- សេចក្តីរាយការណ៍សង្ខេប ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តព្រៃវែង ប្រចាំខែឧសភា ឆ្នាំ២០២២
២- បទអន្តរាគមន៍ ស្តីពីការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: ពិសេសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណ្តិតទី៥
៣- បទអន្តរាគមន៍ ស្តីពីស្ថានភាពសុខភាពសាធារណ: និងការជម្រុញការចាក់វ៉ាក់សាំការពារជំងឺកូវីដ-១៩
៤- បទអន្តរាគមន៍ ស្តីពីការគ្រប់គ្រងដីរបស់រដ្ឋ និងចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ
៥- បទអន្តរាគមន៍ ស្តីពីជម្រុញការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា និងការត្រៀមអន្តរាគមន៍ជួយសង្រ្គោះស្រូវ៕