02/06/22 14:17 PM
ក្រុងព្រះសីហនុ៖ ព្រឹកថ្ងៃ៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃព្រហស្បត្តិ៍ ទី០២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យសកម្មភាពការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោក សេង វិបុល ប្រធានការដ្ឋានសាងសង់របស់ក្រុមហ៊ុន X-water មានប្រសាសន៍ថា ទាក់ទងការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ មកដល់បច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណជា ៥០ភាគរយ ហើយទឹកដែលប្រព្រឹត្តិកម្មរួចបង្ហូរទៅសមុទ្រ វាមានអត្ថប្រយោជន៍ជួយការពារបរិស្ថានសមុទ្ររបស់យើងជាចម្បង ដោយសារតែកន្លងមកទឹកសមុទ្ររបស់យើងបានហូរលាយឡំ ទៅដោយទឹកកខ្វក់គ្រប់ប្រភេទ ហូរមកពីតាមគេហដ្ឋាន ភោជនី យដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ។ល។ ធ្វើឱ្យប៉ះពាល់បរិស្ថានសមុទ្រ បើយើងប្រើអាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះមួយ យើងអាចធ្វើឱ្យទឹកសមុទ្រ ក៏ដូចជាឆ្នេរសមុទ្ររបស់យើងស្អាតលែងមានជាតិពុលប៉ះពាល់ជីវៈចម្រុះក្នុងសមុទ្រ។ តាមបទពិសោធន៍អាងប្រព្រឹត្តិកម្មទី១ និងទី២ ដែលសាងសង់ និងដាក់ឱ្យដំណើរការក្រោមស្តង់ដារក្រសួងបរិស្ថាន ដែលបានអនុញ្ញាតទឹកហូរចូលសមុទ្រកាន់តែមានសុវត្ថិភាពសម្រាប់ជីវៈចម្រុះ។ អាងប្រព្រឹត្តិកម្មរទី៣នេះ មានសមត្ថភាពផលិតទឹកបាន ២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ សាងសង់លើផ្ទៃដីមួយហិកតា ។
លោកបន្តថា ការដ្ឋានបានបែងចែកជាពីរតំណាក់កាល ទី១.សំណង់ទីវាល អាចបញ្ចប់មុនចូលឆ្នាំខ្មែរ ២០២៣ខាងមុខ។ ទី២.ពាក់ព័ន្ធប្រព័ន្ធមេកានិក បន្តប្រហែល ៣ ទៅ ៤ខែបន្តទៀត ដោយចាប់ផ្តើមតេស្តលើប្រព័ន្ធបច្ចេកទេសរបស់យើងរួចរាល់ ទើបប្រគល់ការងារឱ្យមកខេត្តគ្រប់គ្រងដូចអាងប្រព្រឹត្តិកម្មទី១ និងទី២ ដែរ។
ក្នុងឱកាសចុះពិនិត្យសកម្មភាពការងារ សាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ឯកឧត្ត ម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរវាយតម្លៃ ចំពោះក្រុមការងារបច្ចេក ទេស ដែលបានខិតខំបំពេញការងារនៅក្នុងការដ្ឋាន ទោះបីមានភ្លៀងយ៉ាងណាក៏ដោយ ក៏ក្រុមការងារនៅតែបំពេញការងារយ៉ាងមមាញឹក ព្រមទាំងបានធ្វើការណែនាំ ឱ្យក្រុមការងារ បច្ចេកទេស បង្កើនសកម្មភាពការងារកាន់តែលឿនបន្ថែមទៀត ដើម្បីឱ្យការដ្ឋានរបស់យើងសាងសង់បានកាន់តែលឿន និងឆាប់រហ័ស ទន្ទឹមនឹងឆាប់រហ័ស ក៏ត្រូវតែធានាបរិមាណ និងគុណភាពតាមស្តង់ដារបច្ចេកទេស ក្នុងការប្រើប្រាស់បានយូរអង្វែង សម្រាប់ជាផលប្រយោជ ន៍រួម របស់យើងទាំងអស់គ្នា ៕
ប្រភព៖ក្រសួងព័ត៌មាន