09/06/22 09:25 AM
បន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែតបានបង្រ្កាបមុខសញ្ញាឆក់ទូរស័ព្ទយ៉ាងសកម្ម នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនបាន០៧នាក់ ស្រី០១នាក់ជាបន្តបន្ទាប់ និងអ្នកទទួលទិញផលចោរម្ម០២នាក់ ស្រី០១នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖បន្ទាប់ពីទទួលព័ត៌មានថា នៅយប់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៤និង៤០ នាទី ឈានចូល ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២២ មានក្រុមចោរ០២នាក់ជិៈម៉ូតូ០១គ្រឿង បានឆក់យកទូរសព្ទដៃរបស់ខ្លួន ម៉ាក IPhone12pro Max ពណ៌ទឹកសមុទ្រខណៈពេលជនរងគ្រោះឈ្មោះ ហូបាងថាញ់ (HO BANG THANH) ភេទស្រី អាយុ៣២ ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជីៈផាស្អាប់ចេញពីបុរីដួងច័ន្ទ ទៅខារ៉ាអូខេអេហ្វផា្លស បណ្តាលឲ្យជនរងគ្រោះធ្លាក់រងរបួសបែកមុខ(ដេរជាច្រើនថ្នេរ) ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យលោកដឹកនាំកម្លាំងនគរបាលជំនាញ ចុះស្រាវជ្រាវតាមវិធានការជំនាញឈានដល់ការនាំខ្លួនឈ្មោះ សឿន ពិសី ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកទទួលទិញផលចោរកម្ម មកសួរនាំដកហូតទូរស័ព្ទបាន២គ្រឿងរបស់ជនរងគ្រោះ ប្រគល់ជូនម្ចាស់វិញ ។
លោកអធិការបានបន្តថា៖ក្រោយពីសួរនាំអ្នកទទួលទិញផលចោរកម្ម កម្លាំងផ្នែកជំនាញបានបន្តឃាត់ខ្លួនមុខសញ្ញាចោរឆក់ចំនួន០៦នាក់ មាន៖១/ថោង ហាំងហៅហាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ(ជនដៃដល់)។២/ហុង ចាន់ឌី ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ (អ្នកបិតគូទ)ពេលឆក់បាន ។ ៣/ស៊ុន លាភ ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក។ ៤/អូន សាវ័នភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក។៥/សែត សុខជា ភេទប្រុស អាយុ១៥ឆ្នាំ។មុខរបរកម្មករ បក្សពួក។ ៦/យឿម ណារី ភេទស្រី អាយុ១៧ឆ្នាំ ប្រពន្ធជនដៃដល់ជាបក្សពួកនិងសំគំនិត។ ៧/ ផឹង អូនរាជ ភេទប្រុសអាយុ១៧ឆ្នាំមុខរបរគ្មាន អ្នកបើកម៉ូតូធ្វើសកម្មភាពឆក់ ។ ៨/ សែត គឹមហេងហៅប្រេមភេទប្រុស អាយុ១៦ឆ្នាំមុខរបរគ្មានអ្នកបើកម៉ូតូធ្វើសកម្មភាពឆក់ ។ ក្នុងនោះយើងបានដកហូតម៉ូតូជិះធ្វើសកម្មភាពចំនួន៤គ្រឿងក្នុងនោះc125ព័ណខ្មៅ២គ្រឿង អឹមស្លះ១គ្រឿងនិងMSXមួយគ្រឿង កាំបិតចំនួន៥ដើម សាម៉ូរ៉ៃ៣ដើមនិងកាំបិតខ្វែវ២ដើម ។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ទៀតថា៖ ជនសង្ស័យរួមទាំងវត្ថុតាងម៉ូតូ០៤គ្រឿង ជីៈធ្វើសកម្មភាពនិងកាំបិតចំនួន០៥ដើម កម្លាំងផ្នែកជំនាញ រៀបចំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ដោយឡែកទូរសព្ទដៃរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕