15/06/22 12:34 PM
កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាល ខេត្តកំពង់ចាម អញ្ជេីញជជាគណៈអធិបតី ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លលេីកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ "TVET បង្កេីតផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់” ដែលប្រារព្ធឡេីងនៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធានសាលាដំបូងខេត្ត -ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តអភិបាលរងខេត្ត នាយកនាយករងរដ្ឋបាល កងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន សាស្ត្រចារ្យ លោកគ្រូអ្នកគ្រូ និងសិស្ស និស្សិត ចូលរួមប្រមាណជិត៥០០ នាក់។
បន្ទាប់ពីអញ្ជើញអានសារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា យុវជនយើងបច្ចុប្បន្ន បន្ទាប់ពីបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិរួច មិនសូវចាប់អារម្មណ៍អំពី សិក្សាជំនាញបច្ចេកទេសនោះទេ គឺពួកគាត់សម្លឹងទៅរកកម្រិតមហាវិទ្យាល័យតែម្ដង ។ ដោយពួកគាត់មើលរំលងចំណេះជំនាញបច្ចេកទេស ដែលចំណេះដឹងនេះ អាចរៀនរយៈពេលខ្លី អាចចេញទៅធ្វើការរកចំណូលប្រចាំថ្ងៃ និងធ្វើការរៀនបន្ថែម ដើម្បីពង្រីកមុខរបរ ផ្សេងៗទៀត ធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ណាស់ ក្នុងការកសាងនូវធនធានមនុស្ស គឺចាប់ផ្ដើមពីកម្រិតជំនាញ ដើម្បីបង្កើតនូវមុខរបរ ការងារ ក្នុងគោលបំណងលើកកម្ពស់នៅកម្រិតជីវភាព របស់ប្រជាពលរដ្ឋ ស្របពេលដែលប្រទេសយើងកំពុងមានការអភិវឌ្ឍន៍ ។
គូសបញ្ជាក់ថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម មានបណ្តុះបណ្តាលលើជំនាញដូចជា វិស្វកម្មអគ្គិសនី វិស្វកម្មអេឡិចត្រូចនិក វិស្វកម្មយន្តសាស្ត្ររថយន្ត វិស្វកម្មសំណង់ស៊ីវិល បរិក្ខារត្រជាក់ឧស្សាហកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ និងមានជំនាញជាច្រើនទៀតស្របតាមតម្រូវការទីផ្សារការងារ ។ ដោយវិទ្យាស្ថានបានបណ្តុះបណ្តាលចាប់ពីកម្រិតវិញ្ញាបនបត្ររហូតដល់កម្រិតបរិញ្ញាបត្រ (ដោយសិក្សាចាប់ពីមួយសប្តាហ៍ រហូតដល់៥ឆ្នាំ)។
ក្នុងនោះ វិទ្យាស្ថានបានខិតខំលើកកម្ពស់ការបណ្តុះបណ្តាល និងការងារ ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែង ដោយខិតខំស្វែងរកដៃគូ ដូចជារោងចក្រ សហគ្រាស ដើម្បីឲ្យសិស្ស និស្សិតចុះហាត់ការ ការងារ និងកម្មសិក្សា។ ជាពិសេសស្វែងរកការងារជូននិស្សិតក្រោយបញ្ចប់ការសិក្សាស្របតាមជំនាញ និងសមត្ថភាពរបស់ សិស្ស និស្សិតផងដែរ៕