ខេត្តប៉ៃលិន និងខេត្តចាន់បុរី បើកកិច្ចប្រជុំពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ


ត្រលប់ក្រោយ

16/06/22 10:50 AM

ចំនួនទស្សនា៖

239

ប្រភព៖

ប៉ៃលិន

ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិន ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ទទួលជួបប្រជុំពិភាគ្សាជាមួយប្រតិភូថៃ ដែលដឹកនាំដោយឯកឧត្តម ស៊ូធី ថងយ៉ែម អភិបាលខេត្តចាន់បុរី ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ (ប៉ៃលិន+ ចាន់បុរី) ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត បន្ទាប់ពីជម្ងឺកូវីដ-១៩ មានការ ធូស្រាលជាប្រក្រតីឡើងវិញ ។ 


លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ ស្វាគមន៍ យ៉ាងកក់ក្រៅ ចំពោះគណៈប្រតិភូខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញមកខេត្តប៉ៃលិន ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ ហើយជាក់ស្តែង នា ពេលកន្លងមក ខេត្តប៉ៃលិន និងខេត្តចាន់បុរី បានសហការគ្នាយ៉ាងល្អ លើវិស័យមួយចំនួន ដូចជា៖ ការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩, បញ្ហាពលករឆ្លងដែនខុសច្បាប់, ទប់ស្កាត់បទល្មើសឆ្លងដែននានា, ការធ្វើពាណិជកម្មឆ្លងដែន ជាពិសេសការនាំចេញកសិផល របស់ខេត្តប៉ៃលិន ទៅកាន់ព្រះរាជាណាចក្រថៃ។


លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍សំណូមពរដល់សមភាគីថៃ ខេត្តចាន់បុរី បន្តបង្កើនសហប្រតិបត្តិការនូវបញ្ហាមួយចំនួនបន្ថែមទៀត ដូចជា៖ សម្របសម្រួលដល់ការចេញចូលរបស់ប្រជាពលរដ្ឋ ខ្មែរ ទៅទិញទំនិញ និងម្ហូបអាហារ នៅ ផ្សារថៃ បានផាកាត, ការធ្វើច្រាងអូរការពារជំនន់ទឹកភ្លៀង នៅតាម បណ្តោយ អូរ ព្រំដែន, និង ការ ថែរក្សា បរិស្ថាន ទឹកអូរព្រំដែន ដែល បណ្តាល មកពីកាកសំណល់កខ្វក់។


ក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសសើរដល់រដ្ឋបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ដែលកន្លងមកបានរក្សានូវ ចំណងសាមគ្គីភាព មិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់។


ជាការឆ្លើយតបឯកឧត្តម ស៊ូធី ថងយ៉ែម អភិបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ បានសន្យាខិតខំបង្កើនកិច្ចសហប្រតិបត្តិការល្អ និងដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ចំណែកបញ្ហា១ចំនួនទៀត ឯកឧត្តមបាន សន្យា ថានឹងនាំយកនូវរាល់សំនូមពរ ធ្វើការពិភាគ្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ដើម្បី រកលទ្ធភាព និងដំណោះស្រាយ ដើម្បី បង្កើន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើឡើង។




dd
Bottom Ad