20/06/22 10:36 AM
សៀមរាប ៖ នាព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង៣០នាទី លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អញ្ជេីញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល " កម្រិតបឋមវិជ្ជាជីវៈនគរបាល " ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ជំនាន់ទី ១៥ លេីកទី ១ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដល់សិស្សនាយនគរបាល និងនាយនគរបាលរង ដែលបានជ្រេីសរេីសថ្មី សម្រាប់ឆ្នាំ២០២២ ដែលរៀបចំធ្វើនៅសាលានគរបាលជាតិភូមិភាគ៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយសាលានគរបាលជាតិភូមិភាគ៤ ការបណ្តុះបណ្តាលនេះ មានសិស្សចំនួន ២០០នាក់ ជានារី ៣៤នាក់ ។ សិស្សជ័យលាភីទាំងអស់ត្រូវទទួលបានវិញ្ញាបនបត្រសិក្សា តាមនីតិវិធីជាធរមាន ។
ថ្លែងក្នុងពិធីបិទវគ្គនេះ ឯកឧត្តម ប្រធានគណ:អធិបតី បានថ្លែងកោតសរសេីរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់បណ្ឌិតសភានគរបាលកម្ពុជា នាយកដ្ឋានបុគ្គលិក សាលានគរបាលជាតិភូមិភាគ៤ និងអង្គភាពចំណុះពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំ និងចាត់ចែងឱ្យវគ្គបណ្តុះបណ្តាលនេះ ដំណេីរការបានល្អ និងសម្រេចបានជោគជ័យ តាមផែនការដែលបានកំណត់។ ដេីម្បីសម្រេចនូវគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល និងដោយយោងតាមស្ថានភាពនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិមិនទាន់គ្រប់គ្រាន់ ក្រសួងមហាផ្ទៃបានដាក់ចេញនូវផែនការប្រចាំឆ្នាំ ក្នុងការជ្រេីសរេីសមន្ត្រីនគរបាលថ្មី ដេីម្បីបំពេញបន្ថែម និងបន្តវេន និងធានាបាននូវនិរន្តរភាពនៃរដ្ឋបាលសាធារណៈក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនសង្គមជាតិ ។
បន្ថែមពីនេះ ឯកឧត្តម ប្រធានគណ:អធិបតី បានគាំទ្រនូវវិធានការរបស់បណ្ឌិតសភា ក្នុងការពង្រឹង និងលេីកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាលគ្រប់កម្រិត ពីព្រោះក្រសួងត្រូវការមន្ត្រីនគរបាលដែលមានសមត្ថភាព ដេីម្បីលេីកកម្ពស់ប្រសិទ្ធភាពការងារ ។
បន្ទាប់មកឯកឧត្តម សន្តិបណ្ឌិត ក៏បានផ្តល់អនុសាសន៍ដល់សាលានគរបាលជាតិភូមិភាគ៤ ឱ្យបន្តអនុវត្តកម្មវិធីកំណែទម្រង់ដែលមានស្រាប់ ដេីម្បីលេីកកម្ពស់គុណភាពបណ្តុះបណ្តាល និងបានផ្តល់អនុសាសន៍ផងដែរដល់សិស្សានុសិស្សជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញទៅប្រេីប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពការងារ និងមនុស្សទូទៅក្នុងសង្គម គោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ គោរពប្រតិបត្តិច្បាប់ និងត្រូវមានអាកប្បកិរិយាល្អទាំងក្នុងការងារ និងការរស់នៅក្នុងសង្គម ។
នៅទីបញ្ចប់ ឯកឧត្តម ប្រធាន បានផ្តល់កិត្តិយស ប្រគល់វិញ្ញាបនបត្រជូនដល់សិស្សជ័យលាភីចំនួន ២០នាក់ ក្នុងចំណោមសិស្សជ័យលាភីចំនួន ១៩៧នាក់ ៕