មន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម ជំរុញឲ្យពលរដ្ឋខ្មែរប្រើប្រាស់នូវភូមិមួយផលិតផលមួយ ដើម្បីជួយជំរុញការបង្កើនផលិត និងការនាំចេញរបស់កម្ពុជា


ត្រលប់ក្រោយ

20/06/22 11:00 AM

ចំនួនទស្សនា៖

214

ប្រភព៖

សៀមរាប

សៀមរាប៖ ប្រទេសកម្ពុជាគឺជាប្រទេសដែលមានប្រជាពលរដ្ឋប្រកបរបរកសិកម្មច្រើននៃប្រជាជនសរុបនៅទូទាំងប្រទេស ហើយផលិតផលកសិកម្មរបស់កម្ពុជាគឺជាផលិតផលដែលមានគុណភាព មិនប្រើប្រាស់ជាតិគីមីច្រើនដូចបណ្ដាលប្រទេសផ្សេងៗ។ ដោយមានការយកចិត្តទុកដាក់ពីក្រសួងពាក់ព័ន្ធ ក៏បានបង្កើតនូវព្រឹត្តិការណ៍តាំងពិព័រណ៍ប្រឹត្តិផលខ្មែរ បន្លែ និងផ្លែឈើ លើកទី ១៥ ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបនូវការយល់ដឹងអំពីលទ្ធផលខ្មែរ ដើម្បីឲ្យខ្មែរជួយទិញ និងប្រើប្រាស់នូវលទ្ធផលដែលផលិតដោយជនជាតិខ្មែរផ្ទាល់។

ពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ លើកទី១៥ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ផលិតករ ពាណិជ្ជករ កសិករ និស្សិត សរុបប្រមាណ ៣០០ នាក់។

ការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរក្នុងក្របខ័ណ្ឌទូទាំងប្រទេស ពីរដូវកាលមួយទៅរដូវកាលមួយ ធ្វើឱ្យការគាំទ្រ និងការប្រើប្រាស់ផលិតផលក្នុងស្រុកមាននិន្នាការកើនឡើងជាបន្តបន្ទាប់ និងបានធ្វើឱ្យផលិតផលខ្មែរចាប់ផ្តើមរីកដុះដាល និងមានវត្តមានលើទីផ្សារកាន់តែច្រើនឡើង ទាំងទីផ្សារធម្មតា ផ្សារទំនើប ទីផ្សារក្នុងអាកាសយានដ្ឋាន និងនៅបរទេស និងអាចចូលរួមប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស ដែលបាននិងកំពុងធ្វើចរាចរក្នុងទីផ្សារកម្ពុជា ខណៈដែលកម្ពុជាកំពុងអនុវត្តន៍នូវរបបទីផ្សារសេរី។

ព្រឹត្តិការណ៍ពិព័រណ៍ខ្មែរ បន្លែ និងផ្លែឈើ ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែមិថុនា ឆ្នាំ២០២២ នាក្រុងសៀមរាបនេះ មានការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរ បន្លែ និងផ្លែឈើ និងផលិតផលរបស់សហគមន៍ ផលិតផលភូមិ១ ផលិតផល១ មកពីរាជធានី-ខេត្តចំនួន ១៤។

គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីសម្ពោធពិព័រណ៍នេះ ក៏មានរៀបចំពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នា និងកិច្ចសន្យាពាណិជ្ជកម្ម ចំនួន៥ លើកិច្ចការជំរុញពាណិជ្ជកម្ម និងការស្វែងរកទីផ្សារជូនកសិករ ផលិតករ និងពិធីប្រគល់លិខិតថ្លែងអំណរគុណជូនពាណិជ្ជករដែលបានសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការផ្គត់ផ្គង់ទំនិញក្នុងតំបន់ក្រហមអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញដោយវិបត្តិកូវីដ-១៩ និងពាណិជ្ជករកម្ពុជា ដែលបានសហការជាមួយក្រសួងក្នុងការរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក២០២០ឌុយបៃ សហភាពអារ៉ាប់រួម ដោយជោគជ័យ៕ អត្ថបទ: ប្រសិទ្ធ


dd
Bottom Ad