មន្ត្រីក្រសួងពាណិជ្ជកម្មជួបពិភាក្សាការងារ និងបើកសិក្ខាសាលាស្ដីពី "ការផ្សព្វផ្សាយគោលនយោបាយជាតិស្ដីពីដំឡូងមី ២០២០-២០២៥ និងបង្កើនដៃគូសហការបន្ថែមទៀត


ត្រលប់ក្រោយ

20/06/22 11:06 AM

ចំនួនទស្សនា៖

271

ប្រភព៖

សៀមរាប

សៀមរាប៖ ភាពរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យបន្ទាប់ពីបើកដំណើរការប្រទេសឡើងវិញ និងការគ្រប់គ្រងការរីករាលដាលនៃជំងឺដ៏កាចសាហាកូវីដ-១៩បានល្អ ធ្វើឱ្យកម្ពុជាមានភាពល្បីល្បាញ និងស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។ ដែលបច្ចុប្បន្ននេះមានការរីកចំរើនកើតឡើងលើគ្រប់វិស័យជាពិសេសគឺវិស័យពាណិជ្ជកម្មដែលធ្វើឲ្យអ្នកវិនិយោគតាមបណ្ដាប្រទេសនីមួយៗមានបំណងចង់មកធ្វើ និងបានធ្វើការវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ឥតឈប់ឈរ។

ដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយក្នុងការទទួលអ្នកដែលមានបំណងវិនិយោគនៅកម្ពុជា និងដើម្បីបង្កើតនូវដៃគូថ្មីៗបន្ថែមទៀតនោះ កាលពីពេលថ្មីៗនេះ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារអចិន្ត្រៃយ៍នៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ បានអញ្ជើញអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយគោលជាតិស្តីពីដំឡូងមី២០២០-២០២៥” ថ្នាក់តំបន់លើកទី៣ នៅខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ និងថ្នាក់តំបន់លើកទី៤។ នៅខេត្តសៀមរាប នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមកិច្ចសហការរវាងអគ្គជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តទាំងពីរ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងពាណិជ្ជកម្មក្នុងនាមជាលេខាធិការដ្ឋាន ក្នុងការបង្កើតក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ បានចរចារបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលមានប្រទេសអាស៊ាន១០ និងដៃគូមាន៖ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ដែលធ្វើឱ្យទីផ្សាររបស់កម្ពុជាកាន់តែធំទូលាយ និងអនុគ្រោះដល់ទំនិញជាច្រើនអាចនាំចេញបាន ជាពិសេសទំនិញកសិកម្មដោយមិនជាប់ពន្ធ ឬពន្ធទាប និងមិនជាប់កូតា។

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះកិច្ចព្រមព្រៀងជាមួយ រដ្ឋបាលស្វយ័តខេត្តក្វាងស៊ី ដើម្បីជំរុញការនាំចេញដំឡូងមីក្រៀមឱ្យបាន ៤០០,០០០តោនក្នុងមួយឆ្នាំ និងផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម ពន្លឿននីតិវិធីនៃការនាំចេញ មិនធ្វើ CO បើប្រទេសនាំចូលមិនត្រូវការ វិមជ្ឈការឱ្យមន្ទីរពាណិជ្ជកម្មនៅតាមបណ្តាខេត្តជាប់ព្រំដែនអាចចេញ CO ទម្រង់ D នាំចេញទំនិញកសិផលបាន។

នៅឆ្នាំ២០២១ កន្លងទៅ កម្ពុជានាំចេញដំឡូងមីស្រស់ ក្រៀម ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមីបានជិត ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសថៃ និងវៀតណាម។ តម្លៃដំឡូងមីឆ្នាំ២០២២៖ ដំឡូងមីស្រស់ ចន្លោះពី ២០០-២៨០រៀល/គីឡូ និងដំឡូងមីក្រៀមតម្លៃចន្លោះពី ៧០០-៧៨០រៀល/គីឡូ តម្លៃនេះមានលក្ខណៈល្អប្រសើរធៀបនឹងឆ្នាំកន្លងទៅ។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ដំណាំដំឡូងមី ត្រូវបានដាំដុះមានចំនួន០៩ស្រុក ក្នុងខេត្តបាត់ដំបង ដែលមាននៅស្រុកបាណន់ បវេល រតនមណ្ឌល សំឡូត សំពៅលូន ភ្នំព្រឹក កំរៀង រុក្ខគិរី និងគាស់ក្រឡ ជាមួយនឹងបរិមាណផលប្រមាណ ៣,២៧៦,០៧៣ តោន លើផ្ទៃដីដាំដុះសរុប ១៤៥,៨៩៤ ហិចតា។ ចំពោះតម្លៃដំឡូងមីលើទីផ្សារក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ (២០២០-២០២២) ជារួមសង្កេតឃើញតម្លៃមានភាពល្អប្រសើរ ទាំងដំឡូងមីស្រស់ និងដំឡូងមីកៀម ដែលតម្លៃនេះ ធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញក្រោយប្រមូលផលដើម្បីបង្កើនជីវភាព។ ចំពោះការងារសម្របសម្រួល ទីផ្សារ និងតម្លៃ មន្ទីរបានតាមដានតម្លៃ ទិញ-លក់ដំឡូងមីជាប្រចាំ។ ដោយឡែកចំពោះខេត្តសៀមរាបវិញ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ដំឡូមីគឺជាដំណាំកសិ-ឧស្សាហកម្មដ៏មានសក្តានុពលបន្ទាប់ពីដំណាំស្រូវ ដែលមានផ្ទៃដី ដាំដុះសរុប៦៧,៩៥៤ហិចតា ជាមួយផលប្រមាណ ១៥,៦៥ តោន ក្នុងនោះមានស្រុកចំនួន០៨ ដែលមានសក្តានុពលសម្រាប់ដំណាំដំឡូងមីរួមមាន ស្រុកអង្គរជុំ អង្គរធំ បន្ទាយស្រី ជីក្រែង សូទ្រនិគម ស្រីស្នំ វ៉ារិន និងស្រុកស្វាយលើ។ សម្រាប់ទីផ្សារដំឡូងមីនៅក្នុងខេត្តមិនទាន់មានរោងចក្រ ឬសិប្បកម្ម កែច្នៃម្សៅដំឡូងមី ពោលគឺកសិករលក់ទៅឱ្យឈ្មួញ ដើម្បីនាំចេញដំឡូងមីស្រស់ទៅកាន់ប្រទេសវៀតណាម និងចំណិតដំឡូងមីស្ងួត ទៅប្រទេសថៃ និងភាគច្រើនដំឡូងមីស្រស់ទៅប្រទេសវៀតណាម។

គូសបញ្ជាក់ផងដែរថា សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិនេះ មិនត្រឹមតែមានគោលបំណងធ្វើការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ និងផែនការសកម្មភាពដែលជាទំនួលខុសត្រូវរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនោះទេ តែក៏ ដើម្បីស្តាប់នូវវឌ្ឍនភាព និងប្រមូលធាតុចូល និងបញ្ហាប្រឈមរបស់វិស័យឯកជន ក្នុងការអនុវត្តគោលនយោបាយនេះក្នុងពេលកន្លងមក ព្រមទាំងដើម្បីរៀបចំផែនការអនុវត្តបន្តដែលសមស្រប សំដៅសម្រេចបាននូវចក្ខុវិស័យដែលបានកំណត់ នៅក្នុងគោលនយោបាយជាតិស្តីពីដំឡូងមី។ បន្ថែមលើសពីនេះទៀត អង្គសិក្ខាកាមទាំងអស់ ក៏បានទទួលព័ត៌មាន និងចំណេះដឹងថ្មីៗបន្ថែមទៅលើដំណើរការ និងនីតិវិធីត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ លើផលិតផលដំឡូងមីសម្រាប់ទីផ្សារនាំចេញ។ អត្ថបទ: ប្រសិទ្ធ


dd
Bottom Ad