សម្តេចតេជោ ហ៊ុន សែនសម្រេចរក្សាដីទុកជាង១ពាន់ហិកតា ដើម្បីទុកជាតំបន់ពាណិជ្ជកម្ម និងដោះដូរទំនិញជាមួយវៀតណាម


ត្រលប់ក្រោយ

20/06/22 16:20 PM

ចំនួនទស្សនា៖

275

ប្រភព៖

ត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសរក្សាទុកដីចំនួន ១១៧៦ ហិកតា នៅតំបន់ប្រវត្តិសាសន៍យោធាតេជោកោះថ្ម X16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាប់ព្រំដែនវៀតណាម ដែលតំបន់នេះនឹងក្លាយជាតំបន់ពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ។ 


ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញេះជាអធិបតីភាពប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា និងវៀតណាម តំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។


សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា នាថ្ងៃអនាគតតំបន់ប្រវត្តិសាសន៍យោធាតេជោកោះថ្ម X16នេះ នឹងក្លាយជាតំបន់ផ្លាស់ប្តូរទំនិញដ៏ល្អ ព្រោះតំបន់នេះបានតភ្ជាប់ទៅកំពង់ផែនានាដែលបានបង្កភាពងាយស្រួលដល់អ្នកវិនិយោគ។ មួយវិញទៀត តំបន់នេះអាចប្រែក្លាយទៅជាតំបន់កែច្នៃ ព្រោះកសិផលនឹងវត្ថុធាតុដើមរបស់កម្ពុជាមានចំនួនច្រើននៅតំបន់មួយនៃខេត្តក្រចេះ ដែលបានតភ្ជាប់ជាមួយតំបន់ទាំងនេះ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅរបស់សម្តេច គឺកែប្រែតំបន់ព្រំដែនកម្ពុជា-វៀតណាម ទៅជាតំបន់សន្តិភាព ព្រំដែនមិត្តភាព ព្រំដែនសហប្រតិប្តិតការ និងការអភិវឌ្ឍ។


បន្ថែមពីនេះ សម្តេចតេជោ ក៏បានណែនាំដល់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចាប់ផ្តើមពង្រីកផ្លូវតំបន់ X16 យ៉ាងយូរនៅឆ្នាំ២០២៣ ឬឆ្នាំ២០២៤ ដើម្បីតភ្ជាប់ពីផ្លូវជាតិ ឬផ្លូវសំខាន់ផ្សេងៗទៀត ឱ្យមានទំហំប៉ុនផ្លូវជាតិលេខ៧។


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ត្រូវរក្សាដីជាង១ពាន់ហិចតានេះ គឺធ្វើយ៉ាងណាគ្រប់គ្រងឱ្យបានល្អ ដើម្បីទាក់ទាញវិនិយោគិននានា ចូលមកអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស បន្ថែមពីនេះ ត្រូវពិនិត្យលើប្រព័ន្ធសេវាទូរស័ព្ទ ទឹក ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីតភ្ជាប់មកកាន់តំបន់ X16 នេជាដើម ដើម្បីផ្តល់ភាពងាយស្រួលការវិនិយោគ៕



dd
Bottom Ad