21/06/22 09:38 AM
បន្ទាយមានជ័យ៖ លំនៅឋានប្រជាពលរដ្ឋចំនួន១៤ខ្នង ក្រោយពីរងគ្រោះដោយខ្សល់កន្ត្រាក់ បណ្តាលឲ្យខូចខាតធ្ងន់ ស្រាលនោះមក ។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានណែនាំដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិមិត្តចំនួន០៩នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក គង់ សុភ័ក្រ មេប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត ចូលរួមជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត ដឹនាំដោយលោក ហឿន វីរៈអភិបាលរងនៃគណៈអភិបាលក្រុងប៉ោយប៉ែត ចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋ ដែលរងការខូចខាតដោយខ្សល់កន្ត្រាក់ នៅល្ងាចថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២២ ក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើយោងតាមរបាយការណ៍របស់នគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖នៅវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ មានភ្លៀង ផ្គររន្ទះ លាយឡំជាមួយខ្សល់កន្ត្រាក់បានបក់បោក យ៉ាងខ្លាំង បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នង បានរងការខូចខាតរបើកដំបូល ក្នុងនោះមាន០៤ខ្នងខូចខាតធ្ងន់ ។ក្នុងហេតុការណ៍នេះ មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ ៕