សម្ដេចក្រឡាហោម ស ខេង ជំរុញឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលឈ្នះឆ្នោត ត្រូវតែតបគុណប្រជាពលរដ្ឋ


ត្រលប់ក្រោយ

21/06/22 10:10 AM

ចំនួនទស្សនា៖

247

ប្រភព៖

ព្រៃវែង

ខេត្តព្រៃវែង៖ សម្ដេច ស ខេង មានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំ- សង្កាត់ដែលឈ្នះការបោះឆ្នោត ត្រូវសងគុណប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ត្រូវគិតឱ្យបានជ្រៅជ្រះ កុំថាខ្លួនឯងខ្លាំងទើបឈ្នះឆ្នោត។ យើងខ្លាំងបានគឺដោយសារពលរដ្ឋបោះឆ្នោតទេ។ ម្ចាស់សិទ្ធិ ម្ចាស់អំណាច ឱ្យយើងធ្វើមេឃុំនេះគឺពលរដ្ឋ។ ដូច្នេះត្រូវបំរើពួកគាត់ឱ្យអស់ពីលទ្ធភាព។ សម្ដេចក្រឡាហោម លើកឡើងទៀតថា ក្នុងនាមយើងជាមន្ត្រីដែលជាប់ឆ្នោត កុំអួត កុំអាង កុំឆ្មើង កុំឆ្មៃ ហើយកុំដាក់ដង ដាក់ផ្លែផ្កាជាមួយអ្នកមិនជោគជ័យ ឬក៏ថាអ្នកមិនឈ្នះ ឬអ្នកដែលចាញ់ កុំឱ្យសោះ កុំ អត់មានប្រយោជន៍ទេ គ្មានបានប្រយោជន៍អីទេ បំរើតែមហិច្ចតាខ្លួនឯង គំនិតខ្លួនឯងប៉ុណ្ណឹងទេ ប៉ុន្តែឱ្យសម្រាប់សង្គមវាអត់មានទេ។

ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង គឺធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្ដេចបានអញ្ជើញជាអធិបតីនៃពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តពោធិរង្ស៊ី ហៅវត្តត្រពាំងទទឹម ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងារចុះជួយស្រុកកញ្ជ្រាច និងស្រុកស្វាយអន្ទរ រួមនឹងក្រុមការងារដែលបានជួយដល់ស្រុកទាំងពីរ ពិសេសការដោះស្រាយបញ្ហាជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋទៅតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

សម្ដេចក៏បានមានប្រសាសន៍អំពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលមានប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតច្រើនលើសលុបបង្ហាញអំពីការគាំទ្រដំំណើរការប្រជាធិបតេយ្យ និងការបន្តថែរក្សាសុខសន្តិភាព។ សម្ដេចបន្តថាការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យក៏ជាការបង្ហាញកិត្តិយសជាតិលើឆាកអន្តរជាតិ ក្នុងនោះសម្ដេចពិតជាមានមោទកភាពចំពោះការចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតពីគ្រប់ភាគី។

សម្ដេចក្រឡាហោម បានបន្តមានប្រសាសន៍ជម្រាបជូនអង្គពិធីអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសការស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស និងចាក់ជូនដោយគ្មានការរើសអើងនោះឡើយ សូម្បីតែជនបរទេសក៏បានចាក់ជូនដោយឥតគិតថ្លៃផងដែរ។ សម្ដេចក៏បានចាត់ទុកលទ្ធផលនៃការបោះឆ្នោតដែលពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនលើសលុបថាអាចជាការផ្ដល់យុត្តិធម៌ជូនរាជរដ្ឋាភិបាលផងដែរ។

គូសបញ្ជាក់ផងដែរថា សម្ដេចក្រឡាហោម បានអំពាវនាវប្រជាពលរដ្ឋចូលរួមបង្កើនការអប់រំកូនចៅចៀសឱ្យផុតពីអំពើអបាយមុខ ពិសេសចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ សម្ដេចក៏អំពាវនាវប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួននៅរៀងរាល់ពេលធ្វើដំណើរតាមដងផ្លូវ ពិសេសពាក់មួកសុវត្ថិភាព។ ជាមួយគ្នានោះ សម្ដេចក៏បានរម្លឹកអាណាព្យាបាល ឪពុកម្ដាយ ជីដូនជីតា បង្កើនការប្រុងប្រយត្នចំពោះកុមារតូចដែលអាចជួបគ្រោះថ្នាក់លង់ទឹកនារដូវវស្សានេះ។ និងបានបញ្ជាក់ថាប្រសិនបើ មេភូមិ មេឃុំណាដែលជាប់ឆ្នោតហើយមិនមានការអភិវឌ្ឍឬការដឹកនាំមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ សូមឲ្យប្រជាពលរដ្ឋ រាយការណ៍ ឬជូនដំណឹងដល់ស្ដេចផ្ទាល់តែម្ដង ដើម្បីមានវិធានការដោះស្រាយជាបន្តបន្ទាប់៕ 


dd
Bottom Ad