23/06/22 15:27 PM
ខេត្តកណ្តាល៖ រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំចូលយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងភូមិចំនួន៣នៃឃុំសំបួរមាស ស្រុកមុខកំពូល ចំនួន ៨៣ គ្រួសារ ដោយមានការចូលរួមពីអាជ្ញាធរស្រុកមុខកំពូល ក្រុមប្រតិបត្តិសាខា មន្ទីរពាក់ព័ន្ធ និងសប្បុរសជនផងដែរ។
មានប្រសាសន៍ទៅកាន់គ្រួសាររងគ្រោះទាំង ៨៣ គ្រួសារ ដោយក្ដីអាណិតអាសូរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក អាណិតអាសូរ និងសោកស្ដាយជាទីបំផុត។
ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។
ទន្ទឹមនឹងនោះឯកឧត្ដម បានសម្ដែងនូវការសោកស្ដាយ ចំពោះគ្រួសារសពចំនួន២នាក់ និងគ្រួសាររងគ្រោះទាំង ៨៣ គ្រួសារ ដែលបានបាត់បង់សាច់ញាតិ និងកូនៗទីស្រឡាញ់បំផុត ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលយើងគ្រប់គ្នាមិនបានដឹងមុន និងមិនចង់អោយកើតមានឡើងឡើយ ដូចនេះសូមឱ្យគ្រួសារសពទាំងពីរ និងគ្រួសាររងគ្រោះទាំង ៨៣ គ្រួសារ កាត់ចិត្ត ព្រោះរឿងទាំងអស់នេះវាបានកើតឡើងរួចទៅហើយ ហើយក៏សូមឱ្យបន្តតខិតខំប្រកបរបរចិញ្ចឹមជីវិតបន្តទៀត។
លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ មានខ្យល់កន្រ្តាក់មួយយ៉ាងខ្លាំង បណ្ដាលឱ្យរងផលប៉ះពាល់ដល់ភូមិចំនួន ៣ ក្នុងឃុំសំបួរមាស បណ្ដាលឱ្យផ្ទះចំនួន ៨៣ខ្នងរងផលប៉ះពាល ក្នុងនោះ ១២ខ្នងផ្ទះខូចខាតទាំងស្រុង ១៦ខ្នងផ្ទះខូខខាតធ្ងន់ធ្ងរ និង៥៥ខ្នងផ្ទះខូចខាតដោយអន្លើ ព្រមទាំងបណ្ដាលឱ្យប្រជាពលរដ្ឋចំនួន ១នាក់រងរបួសធ្ងន់សម្រាកនៅមន្ទីរពេទ្យ ២នាក់របួសស្រាល និងស្លាប់កុមារាចំនួន២នាក់។
ជំនួយសង្គ្រោះជាសម្ភារ ដែលសាខាបានផ្ដល់ជូនក្នុង១គ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ត្រីខ ១យួរ ,ទឹកសុទ្ធដបធំ ១កេស ,ជែលលាងដៃ ១ដប ,ម៉ាស ១ប្រអប់ ។ រីឯប្រជាពលរដ្ឋ ១២គ្រួសារដែលរងគ្រោះរលំផ្ទះទាំងស្រុង បានផ្តល់ជូនកៅស៊ូតង់ ក្នុង ១គ្រួសារ ចំនួន ១ផ្ទាំង សម្រាប់ធ្វើជាជម្រកស្នាក់នៅបណ្តោះអាសន្ន ។ ដោយឡែកថវិកា សាខាបានផ្តល់ជូនអ្នករងគ្រោះរលំផ្ទះទាំងស្រុង ១២គ្រួសារ ក្នុង១គ្រួសារ ៨១ម៉ឺងរៀល ,អ្នករងគ្រោះធ្ងន់ធ្ងរ ១៦គ្រួសារ ក្នុង១គ្រួសារៗ ចំនួន ៣១ម៉ឺនរៀល និងអ្នករងគ្រោះដោយអន្លើ ចំនួន ៥៥គ្រួសារ បានឧបត្ថម្ភជូនក្នុង១គ្រួសារ ចំនួន ២១ម៉ឺនរៀល ។ សូមបញ្ជាក់ជូនថា អំណោយជាសម្ភារ និងថវិកាមួយចំនួនខាងលើ ក៏មានការចូលរួមជួយឧបត្ថម្ភពីព្រះសង្ឃនៅវត្តអន្លង់ស្លែង និងក្រុមការការងារថ្នាក់ជាតិ ចុះមូលដ្ឋានក្នុងឃុំសំបួរមាស ស្រុកមុខកំពូលផងដែរ ។ ជាមួយគ្នានេះ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ទាំង ១២គ្រួសារ ដែលបានទទួលរងគ្រោះរលំផ្ទះទាំងស្រុង ដោយសារខ្យល់កន្ត្រាក់ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានឧបត្ថម្ភបន្ថែមនូវស័ង្កសី ជូនក្នុង១គ្រួសារ ចំនួន ២៥សន្លឹកផងដែរ៕