ឯកឧត្តម អភិបាលខេត្ត បន្ទាយមានជ័យនិង បាត់ដំបង ជួបប្រជុំពិភាក្សាការងារជាមួយ អភិបាលខេត្តស្រះកែវ ប្រទេសថៃ


ត្រលប់ក្រោយ

24/06/22 12:18 PM

ចំនួនទស្សនា៖

318

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ អភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានជួបប្រជុំពិភាក្សាជាមួយ អភិបាលខេត្តស្រះកែវ ប្រទេសថៃ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ នៅទីស្នាក់ការអន្តរជាតិក្លងលឹក ស្រុក អារ័ញ្ញ ខេត្តស្រះកែវ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សម្ព័ន្ធមេត្រីភាព និងដោះស្រាយកិច្ចការងារមួយចំនួន។ 



ភាគីកម្ពុជា៖ ប្រតិភូខេត្តបន្ទាយមានជ័យដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ខេត្តបាត់ដំបងដឹកនាំដោយ លោក ធូ ភា អភិបាលរង ខេត្តបាត់ដំបង ដោយឡែកភាគីថៃដឹកនាំដោយ ឯកឧត្តម បរិនបញ្ញា ភោធិសាធ អភិបាលខេត្តស្រះកែវ ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងកងកម្លាំប្រដាប់អាវុធជាច្រើនរូបទៀត។



ក្នុងកិច្ចប្រជុំនេះភាគីទាំង២ បានពិភាក្សា ដើម្បីសម្របសម្រួលបន្ថែមនៃកិច្ចដំណើរការច្រកជាប់ព្រំដែននៃខេត្តបន្ទាយមានជ័យរួមមាន៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺពិភាក្សាការប្រើប្រាស់ប័ណ្ណព្រំដែន អនុញ្ញាត្តឲ្យចេញចូលហើយកន្លងមកនេះ តែសូមអោយប្រើប្រាស់យានយន្តអាចចេញចូលបន្ថែមទៀត ពិភាក្សាការបើកបណ្តោះអាសន្នច្រកស្ទឹងបត់ និង ពិភាក្សាការបើកច្រក៤៣ រីឯខេត្តបាត់ដំបងសម្របសម្រួលបន្ថែមដំណើរការលើច្រកទ្វារអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ឈមភាគីច្រកខៅឌិន ស្រុកក្លងហាត ខេត្តស្រះកែវ ។



ក្នុងកិច្ចពិភាក្សាទាំងប៉ុន្មានចំណុចដែលភាគីខាងកម្ពុជាបានលើមកនេះ នៅមិនទាន់មានការសម្រេចជាផ្លូវការនោះទេ ប៉ុន្តែភាគីទាំង៣ខេត្ត គឺបន្ទាយមានជ័យ បាត់ដំបង និងខេត្តស្រះកែវ បានរៀបចំបង្កើតឲ្យមានគណៈកម្មាការរួមមួយ ដែលដឹកនាំដោយអភិបាលរងខេត្តមួយរូប ដើម្បីពិនិត្យសិក្សាលម្អិតបន្ថែម ហើយភាគីខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ នឹងមានបើកកិច្ចប្រជុំមួយទៀត នៅសាលាខេត្តបន្ទាយមានជ័យ នៅក្នុងសប្តាហ៍ទី៣ នៃខែកក្កដាខាងមុខនេះ ដើម្បីពិនិត្យសម្រេចជាលទ្ធផល។



ក្នុងប្រជុំពិភាក្សានេះដែរភាគីថៃ បានទទួលយកសំណើរកិច្ចពិភាក្សានេះ ដើម្បីស្នើសុំបន្តទៅថ្នាក់ដឹកនាំរដ្ឋាភិបាលថៃរបស់គេ ដើម្បីសម្រេចពេលក្រោយ ហើយកម្ពុជានឹងស្នើសុំគោលការណ៍ឯកភាពពីប្រមុខរាជរដ្ឋាភិបាលផងដែរ៕ បន្ទាយមានជ័យ,២៤/០៦/០២២=ណុប-រក្សា(២៩០១៦)





dd
Bottom Ad