24/06/22 12:39 PM
សៀមរាប៖ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ១៦:០០នាទីនៅសាលាខេត្តសៀមរាបបានរៀបចំជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររវាងរដ្ឋបាលខេត្តដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តជាមួយនឹងឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តម ទៀ សីហា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកអគ្គរដ្ឋទូតរុស្ស៊ី និងក្រុមការងារដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកជួបពិភាក្សាការងារនេះ។ ឯកឧត្តម បានបន្តថាកាលពីឆ្នាំ២០១០ ខេត្តសៀមរាបបានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និង ក្រុងវែលីគីលូវហ្គូរ៉ាដ នៃសហព័ន្ធរុស្សីដោយបានឯកភាពគ្នាបង្កើត ឡើងនូវចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជាមូលដ្ឋានទំនុកចិត្តរវាងគ្នា និង គ្នាសំដៅពង្រឹង ទំនាក់ទំនងមិត្តភាព និងការយោគយល់គ្នា ដើម្បីផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យ ផ្សេងៗ ឱ្យកាន់តែមានភាពរីកចំរើនថែមទៀតក្នុងខេត្ត-ក្រុងយើងទាំងពីរផងដែរ។ ឯកឧត្តម ក៏បានស្នើដល់ភាគីរុស្ស៉ីជំរុញការវិនិយោគលើផ្នែកទេសចរណ៍ កសិកម្ម ពាណិជ្ជកម្មមកព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តសៀមរាបផងដែរ។
ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជាក៏ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត និងក្រុមការងារខេត្តដែលបានចំណាយពេលវេលាដ៏មានតម្លៃជួបសម្តែងការគួរសមនិងពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមបានបន្តផ្អែកតាមសំណើខាងលើឯកឧត្តមនឹងជំរុញដល់ផ្នែកពាក់ព័ន្ធឱ្យចូលមកវិនិយោគនៅកម្ពុជាដែលស្របទៅតាមអនុស្សរណៈយោគយល់គ្នាផងដែរ៕