ឯកឧត្តមអ៊ុំ រាត្រី ៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព ក្នុងកម្មវិធី នយោបាយរបស់ខ្លួន


ត្រលប់ក្រោយ

27/06/22 09:47 AM

ចំនួនទស្សនា៖

267

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លើឡើងថា៖រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព ក្នុងកម្មវិធី នយោបាយរបស់ខ្លួន ដោយសារវិស័យនេះជាកត្តាកំណត់ភាពជោគជ័យនៃការកសាង និងអភិវឌ្ឍ ប្រទេសជាតិគ្រប់វិស័យ ។ការថ្លែងនេះក្នុងឱកាស ដែលឯកឧត្តមអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២។ ពិធីនេះក៏មានការចូលរួមពីឯកឧត្ដម ហ៊ូ ប៊ុនហេង ទីប្រឹក្សា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ឈូ ប៊ុនរឿង ប្រមន្ទីរអប់រំយុវជនខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ អភិបាលរងក្រុង-ស្រុក ការិយាល័យអប់រំទាំង៩ក្រុង-ស្រុក លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ សាលាឯកជន បានចូលរួមនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ៖ ក្នុងគោលបំណងនៃសន្និបាតនេះធ្វើការបូកសរុប និង វាយតម្លៃការងារសម្រេចបានក្នុងឆ្នាំសិក្សា កន្លងមក និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំសិក្សាបន្ទាប់ ព្រមទាំងផ្សព្វផ្សាយនូវលទ្ធផលនៃអង្គសន្និបាតអប់រំយុវជន និងកីឡាថ្នាក់ជាតិផងដែរ។ អង្គសន្និបាតនេះក៏មានអ្នកចូលរួម មកពីមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់មន្ទីរ អង្គភាពនានា អាជ្ញាធរដែនដី តំណាងអង្គការដៃគូ គ្រឹះស្ថានសិក្សាឯកជនសរុបចំនួន២១១នាក់ ។

លោកប្រធានមន្ទីរអប់រំ បានគូសបញ្ជាក់ថា ៖ អង្គសន្និបាតបានធ្វើការបង្ហាញប្រធានបទសំខាន់ៗ ចំនួន៤ ដើម្បីចែករំលែកមេរៀនពិសោធន៍ នៃការអនុវត្តការងារក្រោមបរិបទកូវីដ-១៩ ដើម្បីធានាបានការផ្តល់សេវាអប់រំគ្រប់រូបភាព ដល់សិស្សានុសិស្ស ក៏ដូចជាធ្វើឲ្យសម្រេចបាននូវគោលដៅផែនការយុទ្ធ សាស្ត្រវិស័យអប់រំខេត្តឆ្នាំ២០១៩-២០២៣ ប្រធានបទដែលបានបង្ហាញមានដូចជា ៖ ១-វិស័យការអប់រំកុមារតូច, ២-អនុវិស័យការអប់រំបឋមសិក្សា, ៣-អនុវិស័យការអប់រំឧត្តមសិក្សា និងអប់រំបច្ចេកទេស, ៤-អនុវិស័យការអប់រំកាយ និងកីឡា។

ក្នុងឱកាសឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ទូទាំងខេត្ត, អាជ្ញាធរដែនដី និងសប្បុរសជនទាំងអស់ ដែលបានខិតខំបំពេញការងារ ដោយបានសហការ និងគាំទ្រការកសាង និងអភិវឌ្ឍវិស័យអប់រំក្នុងខេត្ត ប្រកបដោយជោគជ័យ និងសូមបន្តផ្តល់ការឧបត្ថម្ភគាំទ្រ និងកិច្ចសហការជាមួយគ្នាតទៅមុខទៀត ដើម្បីប្រែក្លាយទិសដៅការងារឆ្នាំសិក្សាថ្មី ឱ្យទៅជាផែនការសកម្មភាព និងជាកម្មវិធីអនុវត្តជាក់ស្ដែង ប្រកបដោយលទ្ធផលល្អប្រសើរតាមការរំពឹងទុក។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណា ព្យាបាលសិស្ស និស្សិត សហគមន៍ និងអាជ្ញាធរដែនដីក្នុងខេត្ត តែងតែយកចិត្តទុកដាក់ចូលរួមចំណែក ក្នុងវិស័យអប់រំ ក្នុងឆ្នាំសិក្សាកន្លងមកប្រកបដោយការទទួលខុសត្រូវខ្ពស់ទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ក្នុងបុព្វហេតុនៃការអភិវឌ្ឍវិ ស័យអប់រំ ក៏ដូចជាការកសាងធនធានមនុស្សសម្រាប់អនាគតប្រទេសជាតិ និងមាតុភូមិយើង ។

ឯកឧត្ដម ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះដៃគូ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដែលតែងតែសហការ និងផ្ដល់ការឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងសម្ភារៈ ថវិកា ការជួយរៀបចំផែនការសកម្មភាព និងជួយជ្រោមជ្រែងក្នុងការអនុវត្តសកម្មភាពការងារក្នុងវិស័យអប់រំ នាពេលកន្លងមក​។ ម្យ៉ាងវិញទៀតរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព ក្នុងកម្មវិធី នយោបាយរបស់ខ្លួន ដោយសារវិស័យនេះជាកត្តាកំណត់ភាពជោគជ័យនៃការកសាងនិងអភិវឌ្ឍប្រទេសជាតិគ្រប់វិស័យ៕

 

dd
Bottom Ad