27/06/22 14:03 PM
ខេត្តព្រះសីហនុ៖ ដោយមានការតាមដាន និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្នុងការបង្ក្រាបបទល្មើសទាំងឡាយ ដើម្បីបង្កលក្ខណៈងាយស្រួល នឹងធ្វើយ៉ាងណាឱ្យមានសុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ នឹងឈានដល់ការស៊ើបអង្កេតចាប់ខ្លួនបានជនសង្ស័យ ៦នាក់ ទាក់ទងទៅនឹងការជួញដូរ និងរក្សាទុកអាវុធដោយខុសច្បាប់។
កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជូនខ្លួន បុរស ជនជាតិចិន ៦នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីសាកសួរ និង សម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរអាវុធដោយខុសច្បាប់ ប្រព្រឹត្តនៅចំណុចភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍របស់នគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យ ៦នាក់ខាងលើមាន៖ ១-ឈ្មោះ HUYNH MINH NHAT ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិវៀតណាម។
២-ឈ្មោះ BUI QUYNG THIEN ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម។
៣-ឈ្មោះ DINH THANH XUYEN អាយុ២៥ឆ្នាំ ជនជាតិវៀតណាម។
៤-ឈ្មោះ ប៊ុន រតនា ភេទប្រុស ជនជាតិខ្មែរ។
៥-ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ។
៦-ឈ្មោះ ឈុន ទិត្យបូរ៉ា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។
ពួកគេត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ច រឹបអូសបាន វត្ថុតាងមាន ៖
- អាវុធបា.ញ់គ្រាប់ពិត ១១ដើម (វែង២ដើម) ភ្ជាប់ជាមួយបំពង់ខ្ទប់សំលេង ជាអាវុធថ្មី ១០០ភាគរយ និង អាវុធ ៣១ដើមផ្សេងទៀតបា.ញ់គ្រាប់ជ័រ និងអាវុធមួយប្រភេទទៀតជាអាវុធជំនួយខ្យល់ប្រើប្រាស់គ្រាប់ឃ្លី(ដែក) និងមានបំពង់ខ្ទប់សំលេង១៩។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះជនសង្ស័យខាងលើ កំពុងត្រូវបានសាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅឡើយ៕ អត្ថបទ: ប្រសិទ្ធ