អាជ្ញារមីន ចុះផ្សព្វផ្សាយ អប់រំ ដើម្បីឲ្យយល់ដឹងអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ (មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម) ក្នុងស្រុកអូរជ្រៅ


ត្រលប់ក្រោយ

30/06/22 09:45 AM

ចំនួនទស្សនា៖

231

ប្រភព៖

បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ដើម្បីជាវិធានការបង្ការគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុនូវគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះ អាជ្ញាធរមីន បានរៀបចំពិធីផ្សព្វផ្សាយការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ(មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម) ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ 


លោក លី សារី អភិបាលរងខេត្ត បានឡើងមានប្រសាសន៍ និងរាយការណ៍អោយដឹងថា៖ គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរយៈពេល ៥ឆ្នាំចុងក្រោយរបស់អង្គភាព CMVIS បានបង្ហាញថាខេត្តបន្ទាយមានជ័យ មានចំនួន១៦ករណី មានជនរងគ្រោះចំនួន១៨នាក់.ស្រី៤នាក់ ក្នុងនោះស្លាប់៦នាក់របួសធ្ងន់ស្រាល១៣នាក់ ខូចខាតគ្រឿងចក្រ១គ្រឿង ស្លាប់សត្វគោ២ក្បាល ដែលមានក្នុងស្រុកអូរជ្រៅ ៥ករណីស្រុកថ្មពួក៣ករណី និងស្រុកស្វាយចេកចំនួន៣ករណីក្រុងប៉ោយប៉ែត១ករណី ស្រុកព្រះនេត្រព្រះ១ករណី និងស្រុកម៉ាឡៃ២ករណី។


លោក អភិបាលរងខេត្តបានបញ្ជាក់ថា៖សម្រាប់លទ្ធផលបោសសម្អាតមីន ក្នុងផែនការឆ្នាំ២០២២ របស់ខេត្តបន្ទាយមានជ័យ រយៈពេល៦ខែកន្លងមក សម្រេចបានចំនួន ៥៦ចំការមីន ផ្ទៃដីសរុបចំនួន៣.៥៣៥.៣២១ម៉ែតការ៉េ រកឃើញមីនប្រឆាំងមនុស្ស(AP)២៧០គ្រាប់ មីនប្រឆាំងរថក្រោះ(AT)៤គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន២២៧គ្រាប់។បើប្រៀបធៀប នឹងផែនការប្រចាំឆ្នាំយើងទើបអនុវត្តបាន២៨.៤០ភាគរយ នៃផែនការឆ្នាំ។


ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានពាំនាំនូវសេចក្តីនឹករំលឹក និងសាកសួរសុខទុក្ខរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលបានចូលរួមក្នុងពិធីនេះ ថែមទាំងបញ្ជាក់ទៀតថា៖ សម្តេចតេជោ តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងមិនចង់ឃើញប្រជាពលរដ្ឋណាមួយបន្តគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះសែសសល់ពីសង្រ្គាមទៀតទេ ដែលមូលហេតុនៃការគ្រោះថ្នាក់នេះ គឹបណ្តាលមកពីការបែកបាក់សាមគ្គីភាពផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ បង្កឲ្យមានជម្លោះប្រដាប់អាវុធ និងទុក្ខវេទនាគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ។



ឯកឧត្តមបន្តទៀតថា៖ ឆ្នាំ១៩៩៨ គឺឆ្នាំនៃការបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃជាស្ថាពរនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះរបស់សម្តេចតេជោ ជាស្ថាបនិកសន្តិភាព និងមានតម្លៃជាប្រវត្តិសាស្រ្តដ៏អស្ចារ្យ ដែលនេះជាមេរៀនជាប្រវត្តិសាស្រ្តរបស់កម្ពុជា និងបានជម្រុញឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តសាមគ្គីភាព ឯកភាព ស្រឡាញ់សន្តិភាព និងគាំទ្រការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងបានណែនាំឲ្យលោកគ្រូ-អ្នកគ្រូ ធ្វើការផ្សព្វផ្សាយ និងអប់រំដល់សិស្សានុសិស្សទាំងអស់ឲ្យយល់ពីគុណតម្លៃនៃគោលនយោ បាយឈ្នះឈ្នះ និងបណ្តុះមនសិការស្នេហាជាតិ។


ទន្ទឹមជាមួយគ្នានោះឯកឧត្តម លី ធុជ បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ទាំងអស់ ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់និង មិនត្រូវប្រថុយ ប្រថាន ឬ លេងគ្រាប់ជាដាច់ខាត៕ ណុប-រក្សា(២៩០១៦)




dd
Bottom Ad