ឯកឧត្តមអភិបាលខេត្តកណ្ដាល បានប្រកាសថា នឹងផ្តល់ផ្លូវបេតុងចំនួន ៥ខ្សែតាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ


ត្រលប់ក្រោយ

30/06/22 14:01 PM

ចំនួនទស្សនា៖

284

ប្រភព៖

កណ្តាល

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅភូមិលេខ ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានប្រកាសថា នឹងផ្តល់ផ្លូវបេតុងចំនួន ៥ខ្សែ តាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ព្រមទាំងបានសាងសង់លូចំនួន ២ខ្សែទៀតផងដែរ ដែល១ខ្សែមានប្រវែង ១០០០ម៉ែត្យ និង១ខ្សែទៀតប្រវែង ៣០០ម៉ែត្រ ដើម្បីជួយសម្រួលដល់ការរំដោះទឹក បញ្ជៀសពីការជន់លិចផ្លូវ ផលដំណាំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។ 


ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជូនប្រជាពលរដ្ឋថា បន្ទាប់ពីទទួលបានព័ត៌មាន ពីអាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ស្វាយរលំ និងភូមិលេខ១កភ្លាម ឯកឧត្តមបានចាត់ឱ្យឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ ស្វាយរលំ និងក្រុមការងារ សហការជាមួយមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ចុះមកពិនិត្យស្ថានភាពជាក់ស្តែងដល់ទីតាំង និងធ្វើរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីចាត់វិធានការ រកវិធីដោះស្រាយជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។


ឯកឧត្តមបន្តថា ក្រោមការសម្របសម្រួលពីក្រុមការងារ ជាវិធានការទី១ យើងបានស្តារព្រែកស្វាយរលំ ប្រវែងជាង ១០០០ម៉ែត្រ ដើម្បីដោះជំនន់ទឹកភ្លៀងចូលទៅទន្លេបាសាក់ ហើយព្រែកនេះ តាមការគ្រោងត្រូវធ្វើទ្វារទឹក មានសន្ទះទ្វារទឹកសម្រាប់បិទបើក នៅរដូវវស្សា ករណីទឹកទន្លេឡើងខ្ពស់ជាង យើងបិទសន្ទះទ្វារទឹក ពេលទឹកទន្លេស្រុកវិញយើងនឹងបើកទ្វារទឹក ដើម្បីដោះទឹកហូរចូលទន្ល ពិសេសនៅរដូវភ្លៀងធ្លាក់ ដើម្បីដោះជំនន់ទឹកភ្លៀង កុំឱ្យជន់លិចបន្តទៀត ។


ក្នុងពិធីនេះដែរ ឯកឧត្តមក៏បានស្នើដល់ អជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើកិច្ចការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យល្អបំផុត ដោយបំផុសឱ្យប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ត្រូវពង្រឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវចេះរាយការណ៍ជាបន្ទាន់អំពីករណីចោកម្ម បទល្មើសគ្រឿងញៀន និងបទល្មើសនានាដល់អជ្ញាធរ ដើម្បីអជ្ញាធរចុះអន្តរាគមន៏បានទាន់ពេលវេលា ជាពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបម្រើ និង ដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពបំផុត។


សូមបញ្ជាក់ថា ផ្លូវបេតុង ចំនួន៥ខ្សែ ដែលឯកឧត្តមអភិបាល បានប្រកាសជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្វាយរលំនោះគឺ ខ្សែទី១ មានទទឹង ១២ ម៉ែត្រ បណ្តោយ ៩០០ម៉ែត ខ្សែទី ២ ទទឹង ១២ ម៉ែត្រ បណ្តោយ ៩០០ម៉ែត្រខ្សែទី៣ ទទឹង ១២ម៉ែត្រ បណ្តោយ ៩០០ម៉ែត្រ ខ្សែទី៤ ទទឹង ២០ម៉ែត្រ បណ្តោយ ១០០០ម៉ែត្រ និងខ្សែទី៥ ទទឹង ៥ ម៉ែត្រ បណ្តោយ ៧០០ម៉ែត្រ ហើយផ្លូវបេតុងទាំង៥ខ្សែនេះនឹងដាក់ចូលក្នុងផែនការរបស់ខេត្ត រដ្ឋបាលខេត្តនឹងខិតខំដោះស្រាយធ្វើជូនប្រជាពលរដ្ឋជាបណ្តើៗ ឱ្យបានឆាប់បំផុត។



dd
Bottom Ad