ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ១គ្រួសារ បានទទួលជំនួយសង្គ្រោះពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល


ត្រលប់ក្រោយ

30/06/22 14:14 PM

ចំនួនទស្សនា៖

242

ប្រភព៖

កណ្តាល

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកជំនួយសង្គ្រោះ ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន ១គ្រួសារ នៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។  


ក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនគ្រួសាររងគ្រោះ ឯកឧត្តម គង់ សោភ័ណ្ឌ បាននាំមកនូវការផ្តាំផ្ញើសួរសុខទក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករឭកបំផុត ព្រមទាំងបានចូលរួមរំលែកនូវការសោកស្តាយពន់ពេកជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះផងដែរ ។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថាកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងបានយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខទុក្ខប្រជាពលរដ្ឋទូទៅដោយគ្មានការរើសអើង ពូជសាសន៍ សាសនា ប្រពៃណី ឬ និន្នាការនយោបាយអ្វីឡើយ។


ដោយមើលឃើញពីការលំបាកជាក់ស្ដែង ហើយគ្រួសាររងគ្រោះជាមន្ត្រីនៅសាលាខេត្តកណ្ដាល ដែលជិតចូលនិវត្តន៍ផងនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ក្រុមការងារពាក់ព័ន្ធ ត្រូវសិក្សា និងគៀងគោ រកសប្បុរសជន ដើម្បីជួយឧបត្ថម្ភសាងសង់លំនៅដ្ឋានសមរម្យជូនដល់គាត់ផងដែរ។


សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៨:៥៥នាទី មានករណីអគ្គីភ័យភ្លើងឆេះផ្ទះ០១ខ្នង ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល មានទំហំ០៥ម៉ែត្ត×០៧ម៉ែត្រ ធ្វើឈើលើថ្មក្រោម ដំបូលប្រក់ស័ង្កសី បណ្ដាលអោយខូចខាត ប្រាក់រៀល ៤០០.០០០រៀល ប្រាក់ដុល្លា ៤០០ ដុល្លា និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះត្រូវឆេះអស់ទាំងស្រុង។


ជំនួយសង្គោះបានផ្តល់ជូនរួមមាន ៖ អង្ករ ៥០គឡូក្រាម ,មី ១កេស ,ត្រីខ ១យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ទឹកសុទ្ធ ១កេស ,ម៉ាស ១ប្រអប់ ,ជែលលាងដៃ ១ដប ,កៅស៊ូតង់ ១ផ្ទាំង ,ថវិកាចំនួន ១លានរៀល ។ ក្នុងពេលជាមួយគ្នានេះ សមាគមមិត្តដើម្បីមិត្ត បានជួយឧបត្ថម្ភដល់គ្រួសាររងគ្រោះតាមរយៈឯកឧត្តមប្រធានគណៈកម្មាធិការសាខា នូវទឹកប្រាក់បន្ថែមចំនួន ២០ម៉ឺនរៀលផងដែរ ៕



dd
Bottom Ad