04/07/22 10:10 AM
បន្ទាយមានជ័យ៖ សាមគ្គីភាពជាចលករនៃសន្តិភាព "សង្ឃស្ស សមគ្គី សមគ្គានំតបោសុខោ" ការព្រមព្រៀងគ្នា ការស្រុះស្រួលឯកភាព របស់អង្គភាពនាំមកនូវសេចក្ដីសុខនេះគឺប្រសាសន៍លើកឡើង របស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកជំទាវ បានឆ្លៀតពេលអញ្ជើញចុះសាកសួរសុខទុក្ខនិងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទនៃមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី ៣០ ខែមិថុនាឆ្នាំ២០២២ ក្នុងអំឡុងពេលដែលឯកឧត្ដម អញ្ជើញចូលរួមក្នុងពិធីទិវាមច្ឆាជាតិ០១ កក្កដា ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន នៅអាងទឹកត្រពាំងថ្មក្នុងឃុំប៉ោយចារស្រុកភ្នំស្រុក ។
នាឱកាសនោះ ឯកឧត្តម ឈិត សុខុន បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ទីរព្រមទាំងមន្ត្រីរាជការទាំងអស់ បានខិតខំបំពេញភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យ ជាពិសេសមន្ត្រីយើងបានចូលរួមសហការជាមួយព្រះមន្ត្រីសង្ឃ ព្រះសង្ឃគ្រប់ឋានានុក្រម ដើម្បីបម្រើឲ្យផលប្រយោជន៍នៃការបង្កើត ធ្លុងសាមគ្គីក្នុងជួរព្រះសង្ឃនិងពុទ្ធសាសនិក សម្រាប់ប្រមូលផ្ដុំគំនិតបញ្ញាញាណដ៏ទូលំទូលាយ រិៈរកវិធានការសមស្រប ដើម្បីរួមចំណែកកាត់បន្ថយលុបបំបាត់អំពើអកុសល អំពើហិង្សាទាំងឡាយទាំងពួង ដើម្បីឈោងចាប់យកសុខសន្តិភាពពេញលេញ ទាំងសុខុមាលភាពផ្លូវកាយនិងផ្លូវចិត្ត។
ជាមួយនោះ ឯកឧត្តម ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ថា ៖រាល់ការងារអ្វីដែលទទួលបានជោគជ័យនោះ គឺយើងមិនអាចធ្វើតែម្នាក់ឯងបាននោះឡើយ គឺត្រូវការចូលរួមពីសំណាក់មន្ត្រីក្រោមឱវាទទើបប្រសើរ សំខាន់សាមគ្គីភាពផ្ទៃក្នុងចេះយោគយល់ អធ្យាស្រ័យ អត់ឱន ដើម្បីអង្គភាពក៏ដូចជាសង្គមជាតិទាំងមូល ព្រោះយើងបានដឹងមកហើយថា ពីអតីតកាលកន្លងមកមូលហេតុយើងមិនសាមគ្គីភាពគ្នានោះហើយ ទើបយើងបែកបាក់ធ្វើឲ្យមនុស្សស្លាប់រាប់លាននាក់ តែបច្ចុប្បន្នដែលមានការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើអោយប្រទេសជាតិទទួលបានសុខសន្តិភាពនិងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ចុងក្រោយឯកឧត្តមបានឧបត្ថមថវិការមួយចំនួនដល់មន្ទីរធម្មការនិងសាសនាខេត្ត និងបានចុះពិនិត្យកន្លែងបំពេញការងាររបស់មន្ត្រីរាជការផងដែរ ៕ណុប-រក្សា