04/07/22 10:42 AM
សៀមរាប ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កេីត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង ៩:០០ នាទីព្រឹក លោកវរសេនីយ៍ឯក អៀង មករា តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខ័ន្ធសពលោកព្រិន្ទបាលទោ រឿន នរៈសត្យា អត្តលេខ ៩៥៧០៥ ឋានៈ មន្ត្រី នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងបំពាក់ឋានន្តរស័ក្តិបច្ឆាមរណៈថ្នាក់ព្រិន្ទបាលឯក ព្រមទាំងបាននាំយកនូវថវិកាសមាគមមិត្តនគរបាលជាតិ កម្ពុជា ទៅប្រគល់ជូនក្រុមគ្រួសារសព ចំនួន ៦,០០០,០០០រៀល (ប្រាំមួយលាន) និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន : អង្ករ ០៣ការ៉ុង ទឹកសុទ្ធ ០៨ កេះ និង១០០ យួរ ទឹកក្រូច ០៩ កេះ និងថវិកាចូលរួមបុណ្យរបស់ស្នងការដ្ឋាន រួមជាមួយអធិការដ្ឋាននគរបាល ក្រុងសៀមរាប និងអធិការដ្ឋាននគរបាលស្រុកពួក ចំនួន ៦,០៦០,០០០រៀល (ប្រាំមួយលានប្រាំមួយម៉ឺន) ។
នៅក្នុងកម្មវិធីនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីចំណុះអធិការដ្ឋាននគរបាលក្រុងសៀមរាប និងអធិការដ្ឋាននគរបាលស្រុកពួក ផងដែរ ។ក្នុងនាម ថ្នាក់ដឹកនាំនៃស្នងការ ដ្ឋាននគរបាលខេត្ត លោកវរសេនីយ៍ឯក ស្នងការនគរបាល បានពាំនាំនូវសាររំលែកទុក្ខរបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ជូនចំពោះក្រុមគ្រួសារសព។
ជាចុងក្រោយ តំណាងក្រុមគ្រួសារសព សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្នងការ និងថ្នាក់ដឹកនាំទាំងអស់ ចំពោះសាររំលែកទុក្ខ គ្រឿងឧបភោគបរិភោគ រួមជាមួយថវិការឧបត្ថម្ភ និងសូមគោរពជូនពរថ្នាក់ដឹកនាំទាំងអស់ជួបប្រទះតែនឹងពុទ្ធិពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕