04/07/22 11:12 AM
បន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាកាច់សោ ក ម៉ូតូ ចំនួន០៤នាក់ ក្នុងពេលប្រតិបត្តិការ ក្នុងនោះ ០២នាក់ រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនិតិវិធី និង០២នាក់ទៀត មិនពាក់ព័ន្ធបានដោះលែងឲ្យមានសេរីភាព ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០២២ វេលាម៉ោង០៦និង៤០នាទី ព្រឹក មានប្រជាពលរដ្ឋឈ្មោះ ប៊ឺ ណៃស្រី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកប្ដឹងរាយការណ៍ថាមានចោរកាច់កម៉ូតូម៉ាក ZOOMER-X ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AF-8726 របស់គាត់ដែលបានជួលឲ្យឈ្មោះ ប៊ុន ចាន់ឌឿន ភេទស្រី អាយុ២០ឆ្នាំ នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពេលគាត់ឆែកGPS ឃើញម៉ូតូចោរយកទៅទុក នៅចំណុចក្រោយសាលាសង្កាត់ផ្សារកណ្ដាល ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថា៖ក្រោយពីទទួលបណ្តឹងភ្លាមនោះលោកបានចាត់តាំងកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលនិងកម្លាំងជំនាញព្រហ្មទណ្ឌ ចុះទៅតាមGPSដែលបានបង្ហាញ ពេលទៅដល់ចំណុចនោះក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ៖១/-ឈ្មោះបូលី ពៅ ហៅង៉ោល ភេទប្រុស អាយុ២៨ឆ្មាំ ,២/-ឈ្មោះ សុវណ្ណ បូលី ភេទប្រុស អាយុ៣០ឆ្នាំ,៣/-ឈ្មោះកៅ ដុល្លា ភេទប្រុស អាយុ១៧ឆ្នាំ,៤/-ឈ្មោះ ជឿន ជាង ហៅទក់ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្តាល ទាំងអស់គ្នា។និងដកហូតម៉ូតូ០៣គ្រឿងមាន៖១/- មានម៉ាក YAMAHA AEROX ពណ៌ប្រផេះ លាយទឹកប៊ិកគ្មានស្លាកលេខ,២/-មានម៉ាក ZOOMER -Xពណ៌ខ្មៅ ដែលបាត់,៣/.ម៉ាក CBR 150 គ្មានស្លាកលេខ និងឧបករណ៍ដូចជាសោរ ដែកគាស់ ស្នាប់ដៃ និងដែកកេសកែច្នៃមួយចំនួន ។ ហើយនាំខ្លួនមកអធិការដ្ឋាននគរបាលក្រុង ដើម្បីសួរនាំ កសាងសំណុំរឿង បញ្ជួនតាមនីតិវិធី។
អធិការនគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់បន្ថែមថា៖ជនសង្ស័យឈ្មោះបូលី ពៅ ហៅង៉ោល បានឆ្លើយសារភាពថាខ្លួននិងបក្ខពួកឈ្មោះ កៅ ដុល្លា ហៅ ឡា ពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែននិងធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធ ជួញដូរគ្រឿងញៀ។
ដោយឡែកឈ្មោះ សុវណ្ណ បូលី ភេទប្រុស អាយុ៣០ឆ្នាំ និង ជឿន ជាង ហៅទក់ ភេទប្រុស អាយុ២៨ឆ្នាំ សមត្ថកិច្ចស្រាវជ្រាវឃើញថាពុំមានការពាក់ព័ន្ធអំពើលួចឡើយ កម្លាំងជំនាញស្នើសុំធ្វើការអប់រំ កិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះវិញ។ ចំពោះម៉ូតូរបស់ជនរងគ្រោះទាំង០២នាក់ កម្លាំងជំនាញស្នើសុំធ្វើការប្រគល់ទទួលអោយទោម្ចាស់ម៉ូតូវិញ ដើម្បីយកទៅប្រើប្រាស់ ៕ ណុប-រក្សា