04/07/22 11:25 AM
លោក ចៅ សុភៈភិបាល អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងជានាយកគម្រោង MPWT/WaSSIP/CMU-2 បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យការងារស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ (MPWT-CW4) ក្នុងក្រុងសៀមរាប ដោយមានការចូលរួមពីក្រុមហ៊ុនទទួលបន្ទុកការសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធ បានបញ្ជាក់ឲ្យក្រុមការងារព័ត៌មានយើងដឹង នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ថា ការសាងសង់ និងស្ថាបនា នាពេលបច្ចុប្បន្ននេះបានប្រមាណ ២៣ ភាគរយហើយ។
ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណង តាមដានវាយតម្លៃលើវឌ្ឍនភាពការងាររបស់ក្រុមហ៊ុន ដែលកំពុងសាងសង់ស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាប ដើម្បីធានាដល់ការសម្រេចបាននូវប្រសិទ្ធភាពការងារ ប្រកបដោយទំនួលខុសត្រូវ សមស្របទៅតាមកិច្ចសន្យា។ ជាលទ្ធផល គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២២ គម្រោងស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយ៍ប្រព្រឹត្តិកម្ម ទឹកកខ្វក់(MPWT-CW4) នៅក្នុងក្រុងសៀមរាបសម្រេចបានជាង២៣%ហើយ ដោយទទួលបានការសាទរពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។
ក្រុមការងារបច្ចេកទេស បានចុះពិនិត្យស្ថានភាពទីតាំងស្ថានីយ៍បូមថ្មីចំនួន ២កន្លែង ដោយផ្តោតលើលក្ខណៈបច្ចេកទេសដើម្បីឈានដល់ការសិក្សាលម្អិតលើផ្នែកផ្សេងៗ និងបានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនទទួលបន្ទុកការសាងសង់ខ្សែផ្លូវដែលត្រូវដាក់បណ្តាញលូខ្នែង លូខ្នែងរង (MPWT-CW1A) ដើម្បីពន្លឿនឯកសារពាក់ព័ន្ធ ការងារធនធានមនុស្ស សម្ភារៈ និងគ្រឿងចក្រ ដើម្បីដាក់ជូនទីប្រឹក្សាគម្រោង (Consultant) ពិនិត្យសម្រេច មុនចាប់ផ្តើមអនុវត្តគម្រោង តាមផែនការដែលបានគ្រោងទុក។
គូសបញ្ជាក់ផងដែរថា លោកនាយកគម្រោងបានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនទទួលបន្ទុកការងារសាងសង់ ដែលខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតី ទទួលខុសត្រូវ នឹងត្រូវធ្វើយ៉ាងណាខិតខំពន្លឿននូវការសាងសង់ការងារនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីឲ្យទាន់សភាពការណ៍និងទាន់ពេលវេលាក្នុងការប្រើប្រាស់៕ អត្ថបទ: ប្រសិទ្ធ