05/07/22 09:14 AM
បន្ទាយមានជ័យ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តរតនសុខសាន្ត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០២២ នាពេលខាងមុខនេះ ។
ថ្លែងនាឱកាសនោះ លោកសិទ្ធិ ឡោះ បានជម្រុញដល់ផែនការងារនគរបាលសន្តិសុខផ្ទៃក្នុង និងផែនការងារនគរបាលព្រហ្មទណ្ឌ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការក្តាប់រាល់មុខសញ្ញាទាំងឡាយ ដែលមានបំណង បង្កនូវវិទ្ធង្សនាក្នុងពិធី គឺត្រូវទប់ស្កាត់ឲ្យបានកុំឲ្យមានបញ្ហាអ្វីកើតមាននោះឡើយ ដោយបង្កើនស្មារតីម្ចាស់ការនិងរួមសហការទទួលខុសត្រូវគ្រប់ភារកិច្ច ការពារឲ្យមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ ស្នងការ ក៏បានដាក់ផែនការដល់ថ្នាក់ដឹកនាំតាមគោលដៅនីមួយៗ ដែលតួនាទីការពារពិធីនោះ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច និងផ្សព្វផ្សាយពីភារកិច្ចនេះដល់មន្ត្រី ក្រោមឱវាទយកចិត្តទុកដាក់ឲ្យបានខ្ពស់ រាល់ភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ស្រាវជ្រាវក្តាប់សភាពារណ៍ក្នុងភូមិសាស្ត្រជុំវិញតំបន់ប្រារព្ធពិធីនិងកន្លែងប្រារព្ធពិធី ដោយប្រើប្រាស់វិធានការជំនាញ ត្រួតពិនិត្យ ស្រាវជ្រាវ រុករកអាវុធជាតិផ្ទុះគ្រប់ប្រភេទ និងគ្រប់្រងមុខសញ្ញា សមាសភាពអាក្រក់ដែលមានបំណងបំផ្លិចបំផ្លាញពិធីខាងលើ សំដៅរកឲ្យឃើញ បាតុភាពនានា និងវាយតម្លៃឲ្យបានត្រឹមត្រូវធានាដល់ការបង្រ្កាបនិងម្ចាស់ការដោះស្រាយនូវរាល់សភាពការណ៍ឲ្យបានមុននិងទាន់ពេលវេលា គឺធ្វើយ៉ាងណាសំដៅធានាបានទាំងស្រុង នូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរៈជនសំខាន់ៗ សមាជិក សមាជិកា ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ ដែលអញ្ជើញចូលរួមក្នុងពិធីនោះ ប្រព្រឹត្តទៅដោយជោគជ័យ ។
ផ្សារភ្ជាប់ជាមួយកម្មវិធីនេះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានណែនាំដល់គ្រប់ស្នងការរងទទួលផែននីមួយៗនិងអធិការនគរបាល ក្រុង ស្រុកទាំង០៩និងមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង០៤ បានធ្វើផែនការសកម្មភាពប្រចាំឆមាសទី១ រួចហើយ ត្រូវធ្វើផែនការសកម្មភាពប្រចាំឆមាសទី២ឆ្នាំ២០២២ ផ្ញើមកសេនាធិការដើម្បីពិនិត្យផងដែរ ៕ ណុប-រក្សា