អភិបាលខេត្តកំពង់ចាម ស្នើឱ្យតួអង្គសំខាន់ ០៥ នៅក្នុងមូលដ្ឋាន ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋរបស់ខ្លួន


ត្រលប់ក្រោយ

05/07/22 09:25 AM

ចំនួនទស្សនា៖

242

ប្រភព៖

កំពង់ចាម

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានស្នើឱ្យតួអង្គសំខាន់ចំនួន ០៥ នៅក្នុងមូលដ្ឋាន ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋរបស់ខ្លួន ។ ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស អញ្ជើញចូលរួមក្នុងកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាឃុំ (សង្កាត់) អាណត្ដិទី៥ ដើម្បី ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា សមាជិកឃុំ សង្កាត់ អាណត្តិទី ៥ ដែលធ្វើឡើង នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នេះ ។  


ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ថា ការផ្តល់សេវាសាធារណៈ លើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយ ក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានា របស់រដ្ឋបាលឃុំ សង្កាត់នីមួយៗ ដើម្បី ឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានា របស់ប្រជាពលរដ្ឋ ។


តួអង្គស្នូលសំខាន់ទាំង ០៥ នោះ គឺ ៖ ១.មេឃុំ ចៅសង្កាត់ ២.ស្មៀនឃុំ សង្កាត់ ៣.ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ៤.មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព និង៥.មេភូមិ ។ ដូច្នេះ សូមស្នើឱ្យតួអង្គទាំង ០៥ខាងលើនេះ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយឡើយ ។


ដោយឡែក ដើម្បី ជាមូលដ្ឋានក្នុងការចាប់ផ្ដើមអនុវត្ដការងាររបស់ក្រុមប្រឹក្សាឃុំ (សង្កាត់) នាអាណត្ដិទី៥នេះ ឯកឧត្ដម ក៏បានគូសបញ្ជាក់នូវចំណុចជាគន្លឹះមួយចំនួនដែលក្រុមប្រឹក្សាអាណត្តិថ្មីត្រូវយកចិត្ដទុកដាក់ ដូចខាងក្រោម ៖ ទី១.ក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ ត្រូវអនុវត្ដតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានា ដែលមានជាធរមាន ។ ទី២.បន្ទាប់ពីថ្ងៃកិច្ចប្រជុំប្រកាសសុពលភាពនេះតទៅ កិច្ចការអាទិភាពទី១ របស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិថ្មី គឺត្រូវពិនិត្យរៀបចំ និងអនុម័តដីកា ស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ដែលជាវិធានកំណត់អំពីកិច្ចប្រជុំ និងរបៀបរបបធ្វើការងារ ស្របតាមសេចក្តីណែនាំលេខ ០១៤ សណន របស់ក្រសួងមហាផ្ទៃ ។ ទី៣.ត្រូវជួបប្រជុំគ្នា ដើម្បី ពិនិត្យមើលគម្រោងអភិវឌ្ឍន៍ និងគម្រោងសេវាកម្មនានា ដែលនៅសេសសល់ពីអាណត្ដិមុន ដែលបានធ្វើលទ្ធកម្មរួចហើយ តែមិនទាន់បានអនុវត្ដ ឬបានធ្វើលទ្ធកម្ម រួចហើយ ហើយកំពុងតែអនុវត្ដ ឬកំពុងស្ថិតក្នុងកិច្ចសន្យា ដើម្បី ទទួលខុសត្រូវអនុវត្ដបន្ដ ។ ទី៤.ត្រូវបន្ដអនុវត្ដថវិកា និងគម្រោងអភិវឌ្ឍន៍នានា របស់ក្រុមប្រឹក្សា អាណត្ដិមុន ។ ទី៥.ពិនិត្យឡើងវិញ អំពីសមាសភាពគណៈកម្មាធិការ ឬគណៈកម្មការនានា របស់ក្រុមប្រឹក្សា អាណត្ដិមុន ដើម្បី ធ្វើការកែសម្រួលសមាសភាព និងតម្រូវការ នៃក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៥ ។ ទី៦.ត្រូវបន្ដអនុវត្ដដីកា សេចក្ដីសម្រេច និងលិខិតបទដ្ឋាននានា ដែលបានសម្រេចកន្លងមក ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ។ ទី៧.ដោយផ្អែកលើផែនការអភិវឌ្ឍន៍ ៥ឆ្នាំ របស់ក្រុមប្រឹក្សាចាស់ ត្រូវត្រៀមរៀបចំកសាងផែនការអភិវឌ្ឍន៍ ៥ឆ្នាំ របស់ខ្លួន ស្របតាមគោលការណ៍ និងនីតិវិធី ដែលបានកំណត់ ។ ទី៨.ត្រូវយកចិត្ដទុកដាក់ និងលើកកម្ពស់គណនេយ្យភាព និងតម្លាភាព នៅក្នុងការអនុវត្ដការងាររបស់ខ្លួន ជាប្រចាំ ។ ទី៩.ត្រូវសហការ និងប្រមូលរាល់កម្លាំងមហាជន ប្រជាជនក្នុងឃុំ (សង្កាត់) ដើម្បី អនុវត្ដឱ្យសម្រេចបានជោគជ័យ នូវរាល់គោលនយោបាយនានា របស់រាជរដ្ឋាភិបាល ។ ទី១០.ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ វិបត្តិ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ។ អាស្រ័យហេតុនេះ អាជ្ញាធរឃុំ សង្កាត់ ត្រូវបន្តរក្សាការប្រុងប្រយ័ត្ន និងបង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ និងណែនាំ ដល់ប្រជាពលរដ្ឋ ឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ ៣ការពារ» ឱ្យបានជាប់ជាប្រចាំ ។ ទី១២.ផ្អែកតាមច្បាប់ស្ដីពីការប្រឆំាងអំពើពុករលួយ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទំាងអស់ មានកាតព្វកិច្ច ត្រូវធ្វើការប្រកាសទ្រព្យសម្បត្ដិ និងបំណុល តាមការណែនាំ របស់ក្រសួងមហាផ្ទៃ ។ ទី១៣.ដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស ការបោះឆ្នោត និងការអភិវឌ្ឍសង្គម គឺជាដំណើរការប្រកួតប្រជែង ខាងនយោបាយដ៏ស្រួចស្រាល រវាងគណបក្សនយោបាយ និងបេក្ខជន នៃគណបក្សនយោបាយ ដើម្បី កាន់កាប់អំណាចទាំង នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។


ដូច្នេះ បន្ទាប់ពីការប្រកាសលទ្ធផលជាផ្លូវការ បេក្ខជនជាប់ឆ្នោត មកពីគណបក្សនយោបាយនានានឹងក្លាយជាក្រុមប្រឹក្សាឃុំ សង្កាត់ ជាអាជ្ញាធរសាធារណៈ ដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ធ្វើជាតំណាង ឱ្យប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋាន ។ ហេតុនេះ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលមកពីគណបក្សផ្សេងៗគ្នា ត្រូវខិតខំរួបរួមសាមគ្គីសហការធ្វើការជាមួយគ្នា ប្រកដោយការទទួលខុសត្រូវ ដើម្បី បម្រើប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់របស់ខ្លួន ៕ សារ៉ាត




dd
Bottom Ad