05/07/22 09:29 AM
កំពង់ចាម៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ហេង វណ្ណនី អភិបាលរង ខេត្តកំពង់ចាម តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពប្រធាន ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ឯកឧត្តម ហេង វណ្ណនី អភិបាលរង ខេត្តកំពង់ចាម បានថ្លែងថា ទោះបីមកពីគណបក្សនយោបាយណាក៏ដោយ ប៉ុន្តែ នៅពេលនេះ គឺរួមគ្នាបំរើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើរ និងកសាងអភិវឌ្ឍន៍ នៅមូលដ្ឋាន ឲ្យកាន់តែជឿនលឿនបន្ថែមទៀត ។ ឯកឧត្ដម អភិបាលរងខេត្ត បានបញ្ជាក់ទៀត ក្នុងអាណត្តិទី៥ នេះ សម្រាប់ឃុំព្រែកដំបូក នៃស្រុកស្រីសន្ធរ គឺបានជាប់ឆ្នោត ដោយសារមានការពេញចិត្ត និងការបោះឆ្នោតពីពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាតេយ្យ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ។
នាឱកាសនោះដែរឯកឧត្ដម ហេង វណ្ណនី បានជម្រុញលើកទឹកចិត្ត ដល់ក្រុមប្រឹក្សា ឃុំព្រែកដំបូកថ្មីនេះ ត្រូវខិតខំបន្តបំពេញកិច្ចការងារ ដែលសេសសល់ និងបន្តកសាងអភិវឌ្ឍន៍ នៅតាមភូមិឲ្យល្អប្រសើរ ហើយត្រូវអនុវត្តផែនការ តាមគលនយោបាយ របស់រាជរដ្ឋាភិបាលឲ្យល្អ ។
សូមជម្រាបជូនថា ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅថ្ងៃទី០៥ ខែមិថុនា កន្លងទៅនេះ ជាលទ្ធផល ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មាន ៩អាសនៈ ក្នុងនោះមានគណបក្សនយោបាយចំនួន ២ រួមមាន ៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៧អាសនៈ ទទួលបានតំណែងជាប្រធាន ជាមេឃុំ និងជំទប់ទី១ ហើយគណបក្សភ្លើងទៀនទទួលបាន ២អាសនៈ ទទួលបានតំណែងជាជំទប់ទី ២ ៕