05/07/22 13:30 PM
(ខេត្តស្វាយរៀង): នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយរៀង អាណត្តិទី៥ ឆ្នាំ២០២២។
លោក អភិបាលស្រុកស្វាយជ្រំ បានមានប្រសាសន៍អោយដឹងថា: ចាប់តាំងពីឆ្នាំ២០០២ព្រះរាជាណាចក្រកម្ពុជាយើងបានដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សសរុបចំនួន៥លើករួចមកហើយ។ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយទៅកាន់ការបោះឆ្នោតមួយ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិវាយតម្លៃថា ដំណើរការប្រជាធិបតេយ្យនិងការបោះឆ្នោតនៅកម្ពុជាកាន់តែវិវត្តន៍រីកចម្រើនជាលំដាប់។
ជារួមដដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥កាលពីថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២កន្លងមក ក៏ត្រូវបានវាយតម្លៃថាមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហឹង្សា ហើយលទ្ធផលនៃការបោះឆ្នោតក៏ត្រូវបានទទួលស្គាល់ពីគណបក្សនយោបាយនានាដែលបានចូលរួមក្នុងការបោះឆ្នោតនេះដែរ ហើយគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះមានចំនួន១៧គណបក្ស ។
លោក ហែម សារិទ្ធ បានសង្កត់ធ្ងន់ថាៈ ចំពោះអស់លោក លោកស្រីដែលទើបជាប់ឆ្នោតថ្មីនិងអស់លោក លោកស្រីដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាសង្កាត់ ក្នុងអាណត្តិទី៥នេះ ពិតជាមានការរីករាយប្រកបដោយមោទនភាពនិងកំពុងសម្រួចឆន្ទៈក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្តដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន។
ដូច្នេះសូម លោក លោកស្រី អស់លោកទាំងអស់មេត្តាយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាលបំពេញការងារចំពោះមុខមួយចំនួនឲ្យបានម៉ត់ចត់រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន។
លើសពីនេះលោក សូមអរគុណចំពោះក្រុមប្រឹក្សាអាណត្តិចាស់ពិតជាមានឆន្ទៈប្រកបដោយភាពសប្បាយរីករាយក្នុងការផ្ទេរតំណែងជូនក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥តាមរយៈការប្រគល់ ទទួលត្រា បញ្ជី សម្ភារៈ ប្រាក់កាស និងឯកសារនានាក្នុងឱកាសនេះ៕
ដោយ:PK