06/07/22 09:47 AM
បន្ទាយមានជ័យ៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ២០០៧-ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងមានការចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន ជាអគ្គលេខា ធិការសមាគមអតីតយុទ្ធជនកម្ពុជា ។
ថ្លែងនាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះគុណូបការៈដ៏ឧត្តុងឧត្តមរបស់វីរៈកម្មាភិបាល វីរៈយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកសេ្នហាជាតិគ្រប់រូបដែលបានធ្វើមហាពលីកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ និងបានជួយសង្គ្រោះអាយុជីវិតប្រជាជន និងសង្គមជាតិឲ្យរស់ឡើងវិញ ព្រមទាំងបានចូលរួមក្នុងដំណើរការផ្សះផ្សារបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យយើងទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍន៍ និងដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្សនៅកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានដឹកនាំប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជាទទួលបានជោគជ័យនិងសង្គ្រោះជីវិតប្រជាជនកម្ពុជា ពីគ្រោះមហន្តរាយនៃការឆ្លងរាត ត្បាតជំងឺ កូវីដ-១៩ ក្រោមគោលនយោបាយចាក់ស្រោចវ៉ាក់សាំងដល់ប្រជាជនកម្ពុជា និងពលរដ្ឋបរទេសដែលរស់នៅកម្ពុជា និងបន្តចាក់ដូសជម្រុញដោយមិនគិតថ្លៃ មិនប្រកាន់ជាតិសាសន៍ ជំនឿ សាសនា ពណ៌ សំបុរ និងនិន្នាការនយោបាយនោះឡើយ។និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាពពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចការពង្រឹងខឿនការពារជាតិ ឯករាជ្យ ការពារអធិបតេយ្យភាព បូរណភាព និងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសការចូលរួមយ៉ាងសកម្មដោយមិនខ្លាចការនឿយហត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងអំឡុងពេល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥ កន្លងមកនេះ ឱ្យដំណើរការនិងប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងសុវត្ថិភាព ស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូនិងយកចិត្តទុកដាក់ជានិច្ចពីការរស់នៅ ជីវភាព និងសុខទុក្ខបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ដោយអភិវឌ្ឍជាបន្តបន្ទាប់នូវគោលនយោបាយអតីតយុទ្ធជន និងការផ្តល់នូវសេវាសង្គមនានាស្របតាមតម្រូវការចាំបាច់របស់បងប្អូនយើង និងសង្គមជាតិ ព្រមទាំងបានកំណត់យកថ្ងៃទី២១ ខែមិថុនា ដើម្បីប្រារព្ធទិវាអតីតយុទ្ធជនជារៀងរាល់ឆ្នាំផងដែរ៕