ឯកឧត្ដម អ៊ុន ចាន់ដា បញ្ជាក់ប្រាប់ឲ្យបេក្ខជនជាប់ឆ្នោត មកពីគណបក្សនយោបាយនានា រួមសហការគ្នាធ្វើការងារ ដើម្បី ប្រយោជន៍ប្រជាពលរដ្ឋ


ត្រលប់ក្រោយ

06/07/22 09:59 AM

ចំនួនទស្សនា៖

200

ប្រភព៖

កំពង់ចាម

កំពង់ចាម៖ ថ្លែងនៅក្នុងពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សា ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ឲ្យបេក្ខជនជាប់ឆ្នោត មកពីគណបក្សនយោបាយនានា ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរួមសហការគ្នាធ្វើការងារ ដើម្បី ប្រយោជន៍ប្រជាពលរដ្ឋ ។  


ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងបន្តថា បន្ទាប់ពីការប្រកាសលទ្ធផលជាផ្លូវការ បេក្ខជនជាប់ឆ្នោត មកពីគណបក្សនយោបាយនានា នឹងក្លាយជាក្រុមប្រឹក្សាឃុំ សង្កាត់ ជាអាជ្ញាធរសាធារណៈ ដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ ធ្វើជាតំណាងឱ្យប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋាន ។ ហេតុនេះ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមកពីគណបក្សផ្សេងៗគ្នា ត្រូវខិតខំរួបរួមសាមគ្គីសហការ ធ្វើការជាមួយគ្នា ប្រកដោយការទទួលខុសត្រូវ ដើម្បី បម្រើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានល្អប្រសើរ ។


ឯកឧត្ដមអភិបាលខេត្តកំពង់ចាម បានថ្លែងបន្តថា ការផ្តល់សេវាសាធារណៈ លើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវ ដ៏មានសារៈសំខាន់មួយ ក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានា របស់រដ្ឋបាលឃុំ សង្កាត់នីមួយៗ ដើម្បី ឆ្លើយតប និងដោះស្រាយ សំណើ សំណូមពរ និងតម្រូវការចាំបាច់នានា ជូនប្រជាពលរដ្ឋ ។


យ៉ាងណាមិញ ដើម្បី ធានាបាននូវការផ្ដល់សេវានានា ក្នុងមូលដ្ឋាន បញ្ហាគន្លឹះសំខាន់ គឺការបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូលចំនួន ៥ គឺ ៖ ទី១.មេឃុំ ចៅសង្កាត់ ។ ទី២.ស្មៀនឃុំ សង្កាត់ ។ ទី៣.ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ។ ទី៤.មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ។ និងទី៥.មេភូមិ ។ ដូច្នេះ សូមឱ្យតួអង្គទាំង ៥ ខាងលើនេះ ខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថ ក្នុងការប្រាស្រ័យទាក់ទង ជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយឡើយ ៕




dd
Bottom Ad