06/07/22 10:27 AM
ព្រហសីហនុ៖ ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាល ខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូនាវាចម្បាំងកងទ័ពជើងទឹកថៃ HTMS Rattanakosin FS-441 ដឹកនាំដោយលោកឧត្តមនាវីទោ អាថន ឆរៈភីនយ៉ូ មេបញ្ជាការរងយោធភូមិភាគ១ បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិន្ទថៃ ចូលជួបសម្តែងការគួសមនៅសាលាខេត្តព្រះសីហនុ។
លោកឧត្តមនាវីទោ អាថន ឆរៈភីនយ៉ូ មេបញ្ជាការរងយោធភូមិភាគ១ បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិន្ទថៃ បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូរបស់លោកចូលជួបសម្ដែងការគួរសមក្រោយស្ថានភាពកូវីដ-១៩ រយៈពេលពីរឆ្នាំកន្លងមកនេះ។ ហើយថ្ងៃនេះជាបេសកកម្មរបស់កងទ័ពជើងទឹកភូមិន្ទថៃ បានបញ្ជូននាវាមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង បន្ទាប់ពីជំងឺកូវីដបានធូរស្បើយ។ ទោះបីមានផលប៉ះ ពាល់ដោយសារជំងឺកូវីដ ក៏ប៉ុន្តែកងទ័ពជើងទឹក នៃប្រទេសទាំងពីរ បានបើកកិច្ចប្រជុំពីចំងាយជាមួយគ្នាជាបន្តបន្ទាប់តាមរយៈប្រព័ន្ធអនឡាញ។
លោកបានបញ្ជាក់ថាកាលពី៧ឆ្នាំមុន លោកបានមកទស្សនកិច្ចនៅខេត្តព្រះសីហនុ ក៏ប៉ុន្តែមកដល់ពេលនេះមានការផ្លាស់ប្តូរ អភិវឌ្ឍរីកចម្រើនលឿនសឹងតែមើលមិនស្គាល់ សង្ឃឹមថាប្រទេសទាំងពីរ ប្រជាពលរដ្ឋប្រទេសទាំងពីរ ចេញចូលឆ្លងដែនដោយសុវត្ថិភាព ធ្វើឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត។ ក្រោយការរាតត្បាតនៃជំងឺកូវីដ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងផ្លូវគោក និងផ្លូវទឹកមានទំនាក់ទំនងល្អប្រសើរឡើងវិញ និងបានថ្លែងអំណរគុណឯកឧត្តម អភិបាលខេត្តព្រះសីហនុ និងសហការី ដែលបានទទួលស្វាគមន៍ប្រតិភូកងទ័ពជើងទឹកភូមិន្ទថៃបំពេញទស្សនកិច្ចផ្លូវការនាពេលនេះ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍គណៈប្រតិភូកងទ័ពជើងទឹកភូមិន្ទថៃ ដែលបានធ្វើដំណើរពីព្រះរាជាណាចក្រថៃ មកបំពេញទស្សន កិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ រយៈពេលពីរឆ្នាំកន្លងមកនេះ។ កម្ពុជាក៏បានទទួលនាវាកងទ័ពជើងទឹកភូមិន្ទថៃចំនួន៩លើក ស្មើនឹង១៣គ្រឿងរួចមកហើយ ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយដំណើរទស្សនកិច្ចនាពេលនេះ ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរកាន់តែរឹងមាំបន្ថែមទៀត។ កម្ពុជា និងថៃជាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ានតែមួយ ម្យ៉ាងទៀតឆ្នាំនេះ កម្ពុជាត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំអាស៊ានផងដែរ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ទោះបីនៅក្នុងឆ្នាំ២០២០កន្លងមក កម្ពុជា ក៏ដូចជាពិភពលោកស្ថិតក្នុងស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ប៉ុន្តែការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែន កម្ពុជា និងថៃបានសហការគ្នាបានល្អ ដោយរើសបានកញ្ចប់គ្រឿងញៀនជាច្រើននៅក្នុងលំហសមុទ្រ ហើយលទ្ធផលនេះឆ្លុះបញ្ចាំងពីសកម្មភាពពួកឧក្រិដ្ឋជនគ្មានឱកាសរត់ពន្ធគ្រឿងញៀនបានសម្រេច យើងត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន និងការរត់ពន្ធមនុស្សឆ្លងដែនដោយខុសច្បាប់។ ក្នុងដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកភូមិន្ទថៃនាពេលនេះ និងបានចូលរួមចែករំលែកបទពិសោធន៍រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរកម្ពុជា និងកងទ័ពជើងទឹកភូមិន្ទថៃ។ យើងជាប្រទេសស្ថិតក្នុងតំបន់អាស៊ានតែមួយ មានប្រជាជនថៃ បានមកធ្វើកានៅខេត្តព្រះសីហនុ ហើយប្រជាជនកម្ពុជា ក៏ទៅធ្វើការនៅប្រទេសថៃមានចំនួនច្រើនផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានជូនពរដំណើទស្សនកិច្ច និងដំណើកម្សាន្តរបស់ប្រតិភូកងទ័ពជើងទឹកភូមិន្ទថៃ នៅលើទឹកដីខេត្តព្រះសីហនុ ទទួលបានសេចក្តីសុខ និងទទួលបានជោគជ័យគ្រប់ៗគ្នា៕