07/07/22 09:18 AM
បន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ អនុវត្តតាមបទ បញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល០២ថ្ងៃនេះ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវជនសង្ស័យប្រុស ស្រី ជាមុខសញ្ញាឆក់និងឃាត់ខ្លួនបានជាបន្តបន្ទាប់សរុបចំនួន២៦នាក់ រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធី ។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញបានទទួលពត៌មានពីជនរងគ្រោះ ថាមានករណីចោរបានឆក់ទូរស័ព្ទរបស់ខ្លួនម៉ាកអាយហ្វូន១២ប្រូមែក ពណ៍ខៀវ នៅចំនុចខាងលិចហាងប្ដូរប្រាក់ហេងម៉េត នៅផ្លូវជាតិ៥ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយ ប៉ែត ក្រុងប៉ោយប៉ែត ។ បន្ទាប់ពីបានទទួលពត៌មាននោះមក កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងបានឆែកកាំម៉េរ៉ាសុវត្ថិភាព។ រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទីព្រឹក កម្លាំងជំនាញបានស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ នៅផ្ទះសំណាក់ពន្លឺពេជ្រ បន្ទប់លេខ៣ជាន់ក្រោម ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់និងក្រុងប៉ោយប៉ែត និងម៉ូតូ១គ្រឿងម៉ាក MOOVE ពណ៍ក្រហម ។ ក្រោយពីឃាត់ខ្លួននិងសួរចម្លើយជនសង្ស័យទាំង០៥នាក់មកនេះមកកម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៤នាក់ បន្ថែមទៀត និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៍ខ្មៅ គ្មានស្លាកលេខ ។
លោកអធិការបានបញ្ជាក់ទៀតថា៖បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង០៩នាក់នោះមក នៅថ្ងៃដដែលគឺថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវករណីឆក់ទូរស័ព្ទឃាត់ខ្លួន បានជនសង្ស័យចំនួន៥នាក់ បន្ថែមទៀត ជាមុខសញ្ញាឆក់យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ដែលកម្លាំងជំនាញតាមប្រម៉ាញ់យូរហើយ ។ជនសង្ស័យទាំង០៥នាក់នេះ ឃាត់ខ្លួននៅចំនុចផ្ទះនៅផ្ទះសំណាក់ពន្លឺពេជ្រ បន្ទប់លេខ១៤ជាន់ទី១ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់និងក្រុងប៉ោយប៉ែត ព្រមទាំងបានដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០២២ គ្មានស្លាកលេខ ។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់បន្ថែមទៀតថា៖ថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០២២ ពេលវេលាម៉ោង ០៣រសៀល កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបន្តស្រាជ្រាវឃាត់ខ្លួន មុខសញ្ញាចោឆក់ប្រុស ស្រី បានមួយក្រុមបន្ថែមទៀត ដែលមានគ្នីគ្នាចំនួន១២នាក់ ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។បន្ទាប់មកកម្លាំងជំនាញ បានធ្វើតេស្តទឹកនោមស្វែងរកសាធាតុញៀនលទ្ធផលវិជ្ជមាន(+)ទាំងអស់គ្នា ។ចំពោះវត្ថុតាងទូរសព្ទជនរងគ្រោះ០១គ្រឿងដកហូតបាន នគរបាលបានប្រគល់ជូនម្ចាស់ដើមវិញ។ជនសង្ស័យប្រុស ស្រី ទាំង២៦នាក់ កម្លាំងជំនាញ បានរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕បន្ទាយមានជ័យ,០៦/០៧/០២២=ណុប-រក្សា(២៩០១៦)