អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់លេខ១ អាណត្តិទី៥


ត្រលប់ក្រោយ

07/07/22 10:01 AM

ចំនួនទស្សនា៖

275

ប្រភព៖

ព្រះសីហនុ

ព្រះសីហនុ៖ ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់លេខ១ អាណត្តិទី៥។ 


យោងតាមប្រកាសលេខ៣៦៦១ប្រក ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ស្តីពីការទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់លេខ១ ចំនួន១១រូប និងការទទួលស្គាល់ចៅសង្កាត់ ចៅសង្កាត់រងទី១ និងចៅសង្កាត់រងទី២ ចំនួន៣រូប នៃសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


លោក ឈិត សុផាត ចៅសង្កាត់លេខ១ ក្នុងនាមប្រធានក្រុមប្រឹក្សាសង្កាត់លេខ១ ចៅសង្កាត់លេខ១ អាណត្តិទី៥ បានប្ដេជ្ញាចិត្តនៅចំពោះមុខប្រជាពលរដ្ឋ និង ឯកឧត្តម អភិបាលខេត្តថា នឹងធ្វើយ៉ាងណារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណជូនប្រជាពលរដ្ឋឱ្យល្អប្រសើរ,បម្រើសេវាសាធារណៈបានឆាប់រហ័ស និង ទាន់ពេលវេលា និង អភិវឌ្ឍមូលដ្ឋានតាមផែនការកំណត់ និង តាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ បទស្កាត់រាល់បទល្មើសឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និង បទល្មើស បន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។


លោក ឈិត សុផាត ដែលបានជាប់ឆ្នោតជាចៅសង្កាត់លេខ១ ក្នុងនាមប្រធានក្រុមប្រឹក្សា សង្កាត់លេខ១ និងជាចៅសង្កាត់លេខ១ អាណត្តិទី៥ បានប្ដេជ្ញាចិត្តនៅចំពោះមុខប្រជាពលរដ្ឋ និង ឯកឧត្តម អភិបាលខេត្តដូចខាងក្រោម៖

-រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ

-បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យឆាប់រហ័ស និងទាន់ពេលវេលា

-ធ្វើការអភិវឌ្ឍមូលដ្ឋានតាមផែនការកំណត់ និងតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ

-ទប់ស្កាត់រាល់បទល្មើសឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស បន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព

-យកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាព និងជឿទុកចិត្ត។


ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា សមាជិកក្រុមប្រឹក្សាសង្កាត់លេខ១ អាណត្តិទី៥ ដែលប្រជាពលរដ្ឋគាំទ្របោះឆ្នោត កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងមក ត្រូវខិតខំបំពេញតួនាទី ភារកិច្ច ដើម្បីឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋ ព្រមទាំងបានកោតសរសើរក្រុមប្រឹក្សាសង្កាត់លេខ១ ដែលបានធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋានទទួលបានសមិទ្ធផលជាច្រើនក្នុងអាណត្តិទី៤កន្លងមក ។


ក្រោយពីស្តាប់ការឡើងប្តេជ្ញាចិត្តរបស់ចៅសង្កាត់ ឯកឧត្តមអភិបាលខេត្តបានថ្លែងពីការអរគុណ និង សាទរចំពោះសមាជិកក្រុមប្រឹក្សាសង្កាត់លេខ១ ហើយថែមទាំងជំរុញឱ្យសមាជិកក្រុមប្រឹក្សាសង្កាត់លេខ១ទាំងអស់ត្រូវចូលរួមអនុវត្តមានជាអាទិ៍៖

១.ការពង្រឹងពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន

២.ការនាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា តាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

៣.ការលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅកាត់បន្ថយភាពក្រីក្រ លើកកម្ពស់គុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបន្ថែមថា ក្រុមប្រឹក្សាសង្កាត់លេខ១ថ្មី ត្រូវជម្រុញចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង៖

១.ផ្តល់សេវាសាធារណៈ សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជឿជាក់ពីប្រជាពលរដ្ឋ

២.គ្មានបទល្មើសលួច ឆក់ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ

៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍

៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហឹង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង

៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព ប្រសិទ្ធភាព

៦.មានអនាម័យ សោភ័ណភាព និងបរិស្ថានល្អ

៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតសាហាវប្រកបដោយប្រសិទ្ធិភាព។


ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍សង្កត់ធ្ងន់ថា ទោះបីអស់លោក លោកស្រីមកពីគណបក្សនយោបាយណាក៏ដោយ នៅក្នុងអាណត្តិ៥នេះ ត្រូវខិតខំបំពេញតួនាទី ភារកិច្ច ដើម្បីឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋ ដោយមិនត្រូវធ្វើការប្រកួតប្រជែងទេ ពោលគឺត្រូវរួមគ្នាប្រកួតប្រជែងលើការងារបំរើសេវាសាធារណជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានកាន់តែមានការរីកចម្រើនបន្តទៀត ដើម្បីធានាប្រសិទ្ធិភាពនៃការផ្តល់សេវានៅមូលដ្ឋាន ហើយបញ្ហាគន្លឹះសំខាន់គឺកាបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូលសំខាន់ចំនួន៥៖

ទី១-ចៅសង្កាត់ ២-ស្មៀនសង្កាត់ ៣-ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ៤-មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ៥-មេភូមិ។ តួអង្គទាំង៥នេះ ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរប្រកបដោយក្រម សីលធម៌ វិជ្ជាជីវៈ កែលម្អឥរិយាបទក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ មិនត្រូវរើសអើងបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងគាំទ្រពីប្រជាពលរដ្ឋអនុវត្តឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ៕




dd
Bottom Ad