គឿងញៀន៦ប្រភេទមាន ចំនួន២១.៣២គីឡូក្រាម ត្រូវបានដុតកម្ទេចចោល នៅក្នុងពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តស្វាយរៀង


ត្រលប់ក្រោយ

07/07/22 15:57 PM

ចំនួនទស្សនា៖

391

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងឯកឧត្តម ឧត្តមសេណីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអញ្ជេីញជាអធិបតីក្នុងពិធី អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ"ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌" និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រម សាលដីកា និងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀង និងខេត្តព្រៃវែង ដែលមានគឿងញៀន៦ប្រភេទមាន ចំនួន២១.៣២គីឡូក្រាម។ 


មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានដាក់ចេញនូវគោលដៅមួយចំនួនក្នុងការលើកកម្ពស់ប្រសិទ្ធភាព ការងារបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តស្វាយរៀងដែលមានចំណុចសំខាន់ៗដូចខាងក្រោម៖

១.ត្រូវបន្តផ្ដោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀត នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ សង្កាត់ “ស” គ្មានគ្រឿងញៀនពិសេសការចាត់តាំងអនុវត្តវិធានការទាំង៥ នៃយុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ឲ្យបាន ម៉ឺងម៉ាត់បំផុត ។

២.ត្រូវបន្តធ្វើសកម្មភាពផ្សព្វផ្សាយអប់រំឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យមានការចូលរួម និងគាំទ្រពីគ្រប់សមាសភាពនៃសង្គម សំដៅធ្វើយ៉ាងណាឲ្យគ្រប់ក្រុមគោលដៅទាំងអស់ បានទទួលការ ផ្សព្វផ្សាយអប់រំ និងយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងផលប៉ះពាល់ពាក់ព័ន្ធនឹងគ្រឿងញៀន ។

៣.កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើន ពង្រឹង និងយកចិត្តទុកដាក់ជំរុញ ការអនុវត្តវិធានការរដ្ឋបាល និងការអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះគោលដៅ ដែល ងាយ ឬកើតមានបទល្មើសគ្រឿងញៀន ជាពិសេសនៅតាមកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្លឹបរាត្រី ខារ៉ាអូខេ និងតំបន់ដែលមានលក្ខណៈស្មុគស្មាញ ស្របតាមអនុសាសន៍ និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម “ត្រូវលុបបំបាត់ឲ្យបានទាំងស្រុងនូវរាល់បទល្មើសជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្ត និងទីសប្បាយដ្ឋាននានា ។

៤.អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបំផុសដល់ប្រជាពលរដ្ឋព្រមទាំងម្ចាស់ផ្ទះសំណាក់ ផ្ទះជួល សណ្ឋាគារ ខារ៉ាអូខេ ក្លឹបរាត្រី និងកាស៊ីណូជាដើម នៅពេលបានដឹង ឬមានការសង្ស័យចំពោះមុខសញ្ញាជួញដូរ ចែកចាយ ឬប្រើប្រាស់គ្រឿងញៀន សូមចូលរួមឲ្យកាន់តែ សកម្មថែមទៀត ក្នុងការផ្ដល់ព័ត៌មានពីក្រុមឧក្រិដ្ឋជន ដែលមានបំណងប៉ុនប៉ងលួចលាក់ ផលិត កែច្នៃ និងចរាចរគ្រឿងញៀនក្នុងខេត្ត ។

៥.មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបង្កើនការអនុវត្តច្បាប់ឲ្យបាន ម៉ឺងម៉ាត់ និងត្រូវយកចិត្តទុកដាក់ធ្វើការអប់រំ ណែនាំ និងគ្រប់គ្រងកម្លាំងក្រោមឱវាទរបស់ខ្លួន ឲ្យបានតឹងរ៉ឹងបំផុត ចៀសវាងឲ្យបានជាដាច់ខាតនូវ “កុំ៤” គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន ។

៦.កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅតំបន់ព្រំដែន ត្រូវពង្រឹងយន្តការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែននានាក្នុងខេត្ត ឲ្យបាន តឹងរ៉ឹងបំផុត ជាពិសេសយកចិត្តទុកដាក់ចាត់តាំងអនុវត្តនូវរាល់វិធានការដែលបានកំណត់នៅ ក្នុងផែនការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមបណ្ដោយព្រំដែន កម្ពុជា-វៀតណាម ដែលបានដាក់ចេញកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ។

៧.ប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងក្ដាប់ឲ្យបាន ច្បាស់លាស់នូវ មុខសញ្ញាលក់ និងចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះ អាសន្ន ប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាបឲ្យបានទាន់ពេលវេលាពេលមានបទល្មើសកើតឡើង ។

៨.ដោយសារខេត្តស្វាយរៀងយើងពុំទាន់មានមណ្ឌលបន្សាបគ្រឿងញៀន ដូច្នេះ យើង ត្រូវបន្តពង្រឹងសមត្ថភាព គុណភាព និងប្រសិទ្ធភាព នៃយន្តការបន្សាបគ្រឿងញៀននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលមានស្រាប់ នៅក្នុងខេត្តឲ្យមានដំណើរការល្អ និងកាន់តែមានប្រសិទ្ធភាព ក្នុងការបន្សាបជនរងគ្រោះដោយសារសារធាតុញៀន ។

៩.អាណាព្យាបាល មាតាបិតាសិស្ស ទាំងអស់ សូម បង្កើនការពិនិត្យ និងតាមដានចំពោះការសិក្សារបស់កូនៗឲ្យបានទៀងទាត់ និងសហកា រ ឲ្យបានជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូទទួលបន្ទុកថ្នាក់រៀននីមួយៗ ដើម្បីជាយន្តការមួយដាស់តឿន ក្រើនរំលឹកដល់កូនៗរបស់ខ្លួន ឲ្យពួកគេគេចផុតពីការប្រឈមមុខខ្លាំងដោយបញ្ហាគ្រឿងញៀន ។


ជាមួយនេះឯកត្តមបានរំលឹក ដល់លោកអភិបាលក្រុង ស្រុក ទាំងអស់ ត្រូវបន្តចាត់ កម្លាំងចុះធ្វើការត្រួតពិនិត្យ និងណែនាំជំរុញដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងខារ៉ាអូខេ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យរៀបចំបំពាក់កាមេរ៉ាសុវត្ថិភាពឲ្យបានគ្រប់ទីតាំង និងធ្វើរបាយការណ៍មករដ្ឋបាលខេត្តអំពីចំនួនទីតាំងដែលបាន បំពាក់ និងទីតាំង ដែលមិនទាន់បានបំពាក់កាមេរ៉ាសុវត្ថិភាព ដើម្បីជំរុញឲ្យម្ចាស់អាជីវកម្មទាំងនោះ បំពាក់ កាមេរ៉ាសុវត្ថិភាពឲ្យបានគ្រប់ទីតាំង ។


ជាទីបញ្ចប់ឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត រួមទាំងគណៈអធិបបានអញ្ជើញបានធ្វើការពិនិត្យនិងដុតបំផ្លាញវត្ថុតាងគ្រឿងញៀននៅទីតាំងដែលរៀបចំជិតពិធីខាងលើ៕ ដោយ:PK




dd
Bottom Ad